ខ្ញុំព្រះអង្គសួរហើយ ក៏មិនអាចនឹងដោះស្រាយបាន កាលមិនអាចនឹងដោះស្រាយហើយ ក៏ត្រឡប់សួរមកខ្ញុំព្រះអង្គវិញថា អ្នកដ៏មានអាយុ ឈ្មោះអ្វី លុះពួកសមណព្រាហ្មណ៍នោះ សួរខ្ញុំព្រះអង្គហើយ ខ្ញុំព្រះអង្គបានប្រាប់ថា បពិត្រអ្នកនិទ៌ុក្ខ ខ្ញុំឯងជាសក្កទេវរាជ ជាធំជាងពួកទេវតា ពួកសមណព្រាហ្មណ៍នោះ ក៏ត្រឡប់សួរមកខ្ញុំព្រះអង្គតទៅទៀតថា បពិត្រទេវានមិន្ទមានអាយុ ចុះព្រះអង្គសាងនូវអំពើដូចម្តេច បានជាដល់នូវឋានៈនេះ ដូច្នេះ ខ្ញុំព្រះអង្គក៏សំដែងធម៌(១) ប្រាប់ដល់ពួកសមណព្រាហ្មណ៍នោះ តាមដែលបានស្តាប់មក បានរៀនមក ពួកសមណព្រាហ្មណ៍នោះ ក៏មានសេចក្តីត្រេកអរ ដោយធម៌មានប្រមាណប៉ុណ្ណោះថា សក្កទេវរាជ ជាធំជាងពួកទេវតា យើងទាំងឡាយបានឃើញហើយផង យើងទាំងឡាយ បានសួរនូវប្រស្នាណា លោកក៏បានដោះស្រាយនូវប្រស្នានោះ ដល់យើងទាំងឡាយផង ពួកសមណព្រាហ្មណ៍នោះ ក៏ត្រឡប់ទៅជាសាវ័ក របស់ខ្ញុំព្រះអង្គវិញ ឯខ្ញុំព្រះអង្គមិនមែនជាសាវ័ក របស់ពួកសមណព្រាហ្មណ៍នោះទេ បពិត្រព្រះអង្គដ៏ចំរើន ឯខ្ញុំព្រះអង្គ ជាសាវ័ករបស់ព្រះមានព្រះភាគ ជាសោតាបន្នបុគ្គល
(១) វត្តបទ៧យ៉ាង