កាលទទួលសុខវេទនា ប្រកបដោយអាមិសៈក្តី(១) ក៏ដឹងច្បាស់ថា អាត្មាអញ ទទួលសុខវេទនា ប្រកបដោយអាមិសៈ កាលទទួលសុខវេទនា ដែលឥតអាមិសៈ(២)ក្តី ក៏ដឹងច្បាស់ថា អាត្មាអញទទួលសុខវេទនា ដែលឥតអាមិសៈ កាលទទួលទុក្ខវេទនា ប្រកបដោយអាមិសៈ(៣)ក្តី ក៏ដឹងច្បាស់ថា អាត្មាអញ ទទួលទុក្ខវេទនា ប្រកបដោយអាមិសៈ កាលទទួលទុក្ខវេទនា ដែលឥតអាមិសៈ(៤)ក្តី ក៏ដឹងច្បាស់ថា អាត្មាអញ ទទួលទុក្ខវេទនា ដែលឥតអាមិសៈ កាលទទួលអទុក្ខមសុខវេទនា ប្រកបដោយអាមិសៈ(៥)ក្តី ក៏ដឹងច្បាស់ថា អាត្មាអញ ទទួលអទុក្ខមសុខវេទនា ប្រកបដោយអាមិសៈ កាលទទួលអទុក្ខមសុខវេទនា ដែលឥតអាមិសៈ(៦)ក្តី ក៏ដឹងច្បាស់ថា អាត្មាអញ ទទួលអទុក្ខមសុខវេទនា ដែលឥតអាមិសៈ។ (ភិក្ខុ) ពិចារណាឃើញ នូវវេទនា ក្នុងវេទនាទាំងឡាយ ខាងក្នុងជាប្រក្រតី (ដោយការកំណត់នូវវេទនា មានសុខវេទនាជាដើម) យ៉ាងនេះ
(១) អដ្ឋកថា ថា សោមនស្សវេទនា ដែលអាស្រ័យ នូវកាមគុណ៥ ប្រព្រឹត្តទៅក្នុងទ្វារ៦ ហៅថា សាមិសសុខ។ (២) អដ្ឋកថាថា បានខាងសោមនស្សវេទនា ដែលអាស្រ័យនេក្ខម្មៈ ប្រព្រឹត្តទៅក្នុងទ្វារទាំង៦។ (៣) បានខាងទោមនស្សវេទនា ដែលអាស្រ័យកាមគុណ៥ ប្រព្រឹត្តទៅក្នុងទ្វារ៦។ (៤) បានខាងទោមនស្សវេទនា ដែលអាស្រ័យនេក្ខម្មៈ ប្រព្រឹត្តទៅក្នុងទ្វារ៦។ (៥) បានខាងឧបេក្ខាវេទនា ដែលអាស្រ័យកាមគុណ៥ ប្រព្រឹត្តទៅក្នុងទ្វារ៦។ (៦) បានខាងឧបេក្ខាវេទនា ដែលអាស្រ័យនេក្ខម្មៈ ប្រព្រឹត្តទៅក្នុងទ្វារទាំង៦។