ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ដឹងច្បាស់នូវភ្នែកផង ដឹងច្បាស់នូវរូបទាំងឡាយផង មួយវិញទៀត សញ្ញោជនៈណា ដែលអាស្រ័យនូវភ្នែក និងរូបទាំងពីរនោះ ហើយកើតឡើង ក៏ដឹងច្បាស់នូវសញ្ញោជនៈនោះ(១)ផង សញ្ញោជនៈ ដែលមិនទាន់កើតឡើង ហើយកើតឡើង ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះផង កិរិយាលះបង់បាននូវសញ្ញោជនៈ ដែលកើតឡើង ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះផង សញ្ញោជនៈដែលលះបង់បានហើយ មិនកើតតទៅទៀត ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះផង។ ភិក្ខុដឹងច្បាស់នូវត្រចៀកផង ដឹងច្បាស់នូវសំឡេងទាំងឡាយផង។ ដឹងច្បាស់នូវច្រមុះផង ដឹងច្បាស់នូវក្លិនទាំងឡាយផង។ ដឹងច្បាស់នូវអណ្តាតផង ដឹងច្បាស់នូវរសទាំងឡាយផង។ ដឹងច្បាស់នូវកាយផង ដឹងច្បាស់នូវផោដ្ឋព្វៈទាំងឡាយផង។ ដឹងច្បាស់នូវចិត្តផង ដឹងច្បាស់នូវធម្មារម្មណ៍ទាំងឡាយផង សញ្ញោជនៈណា ដែលអាស្រ័យនូវចិត្ត និងធម្មារម្មណ៍ទាំងពីរនោះ កើតឡើង ក៏ដឹងច្បាស់នូវសញ្ញោជនៈនោះផង សញ្ញោជនៈដែលមិនទាន់កើតឡើង ហើយកើតឡើង
(១) អដ្ឋកថាថា កិលេសជាត ជាគ្រឿងចងសត្វទុក ហៅថា សញ្ញោជនៈ មាន១០យ៉ាងគឺ កាមរាគៈ១ បដិឃៈ១ មានៈ១ ទិដ្ឋិ១ វិចិកិច្ឆា១ សីលព្វត្តបរាមាសៈ១ ភវរាគៈ១ ឥស្សា១ មច្ឆរិយៈ១ អវិជ្ជា១។