[​១៣១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពាក្យ​ខាងមុខ​នៅ​មាន​ទៀត​ ​ភិក្ខុ​ពិចារណា​ឃើញ​នូវ​ធម៌​ ​ក្នុង​ធម៌​ទាំងឡាយ​ ​គឺ​ពោជ្ឈង្គ៧ប្រការ​ ​ជាប្រក្រតី​ ​គ្រប់​ឥរិយាបថ​ទាំង៤​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ពិចារណា​ឃើញ​នូវ​ធម៌​ ​ក្នុង​ធម៌​ទាំងឡាយ​ ​គឺ​ពោជ្ឈង្គ៧ប្រការ​ ​ជាប្រក្រតី​ ​គ្រប់​ឥរិយាបថ​ទាំង៤​ ​តើ​ដោយ​វិធី​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ទោះ​សតិ​សម្ពោ​ជ្ឈង្គ​មាននៅ​ក្នុង​សន្តាន​ចិត្ត​នៃ​ខ្លួន​ ​ក៏​ដឹង​ច្បាស់​ថា​ ​សតិ​សម្ពោ​ជ្ឈង្គ​ ​មាននៅ​ក្នុង​សន្តាន​ចិត្ត​របស់​អាត្មាអញ​ ​ទោះ​សតិ​សម្ពោ​ជ្ឈង្គ​ ​មិន​មាននៅ​ក្នុង​សន្តាន​ចិត្ត​របស់​ខ្លួន​ ​ក៏​ដឹង​ច្បាស់​ថា​ ​សតិ​សម្ពោ​ជ្ឈង្គ​ ​មិន​មាននៅ​ក្នុង​សន្តាន​ចិត្ត​របស់​អាត្មាអញ​ ​ទោះ​សតិ​សម្ពោ​ជ្ឈង្គ​ ​ដែល​មិនទាន់​កើតឡើង​ ​ហើយ​កើតឡើង​ ​ដោយហេតុ​ណា​ ​ក៏​ដឹង​ច្បាស់​ ​នូវ​ហេតុ​នោះ​(​១​)​ផង​ ​កិរិយា​ចម្រើន​ពេញ​ ​បរិបូណ៌​ ​នៃ​សតិ​សម្ពោ​ជ្ឈង្គ​ ​ដែល​កើតឡើង​ហើយ​ ​ដោយហេតុ​ណា​ ​ក៏​ដឹង​ច្បាស់​ ​នូវ​ហេតុ​នោះ​(​២​)​ផង​។
​(​១​)​ ​អដ្ឋកថា​ថា​ ​ការ​ធ្វើ​យោនិសោ​មនសិ​កា​រៈ​ឲ្យ​ច្រើន​ក្នុង​សម្ពោ​ជ្ឈង្គ​នោះ​ ​ជាហេតុ​នាំឲ្យ​សតិ​សម្ពោ​ជ្ឈង្គ​ ​ដែល​មិនទាន់​កើតឡើង​ ​ឲ្យ​កើតឡើង​បាន​ ​ឬ​ដែល​កើតឡើង​ហើយ​ ​រឹងរឹតតែ​ប្រព្រឹត្តទៅ​ឲ្យ​ធំ​ទូលាយ​ ​ចម្រើនឡើង​ ​ពេញ​បរិបូណ៌​ជាភិយ្យោភាព​។​ ​មួយទៀត​ ​ធម៌​ដែល​ជាហេតុ​នាំឲ្យកើត​សតិ​សម្ពោ​ជ្ឈង្គ​នោះ​ ​មាន៤យ៉ាងគឺ​ ​ត្រូវឲ្យ​មានសតិ​ ​និង​សម្បជញ្ញៈ​ក្នុង​ទី​ទាំង៧​ ​មាន​ដើរទៅ​មុខ​ជាដើម១​ ​វៀរចាក​បុគ្គល​ភ្លេចស្មារតី១​ ​រាប់រក​បុគ្គល​ ​ដែល​មានស្មារតី​ខ្ជាប់ខ្ជួន១​ ​បង្អោន​ចិត្ត​ទៅ​ ​ដើម្បី​តម្កល់​សតិ​គ្រប់​ឥរិយាបថ១​។​ ​(​២​)​ ​អដ្ឋកថា​ថា​ ​ការ​ធ្វើ​យោនិសោ​មនសិ​កា​រៈ​ឲ្យ​ច្រើន​ក្នុង​សម្ពោ​ជ្ឈង្គ​នោះ​ ​ជាហេតុ​នាំឲ្យ​សតិ​សម្ពោ​ជ្ឈង្គ​ ​ដែល​មិនទាន់​កើតឡើង​ ​ឲ្យ​កើតឡើង​បាន​ ​ឬ​ដែល​កើតឡើង​ហើយ​ ​រឹងរឹតតែ​ប្រព្រឹត្តទៅ​ធំ​ទូលាយ​ ​ចម្រើនឡើង​ ​ពេញ​បរិបូណ៌​ជាភិយ្យោភាព​។​ ​មួយទៀត​ ​ធម៌​ដែល​ជាហេតុ​នាំឲ្យកើត​សតិ​សម្ពោ​ជ្ឈង្គ​នោះ​ ​មាន៤យ៉ាងគឺ​ ​ត្រូវឲ្យ​មានសតិ​ ​និង​សម្បជញ្ញៈ​ក្នុង​ទី​ទាំង៧​ ​មាន​ដើរទៅ​មុខ​ជាដើម១​ ​វៀរចាក​បុគ្គល​ភ្លេចស្មារតី១​ ​រាប់រក​បុគ្គល​ ​ដែល​មានស្មារតី​ខ្ជាប់ខ្ជួន១​ ​បង្អោន​ចិត្ត​ទៅ​ ​ដើម្បី​តម្កល់​សតិ​គ្រប់​ឥរិយាបថ១​។​
ថយ | ទំព័រទី ២៧៧ | បន្ទាប់