ម្នាលភិក្ខុទាំងឡាយ នេះ តថាគតហៅថា អប្បិយេហិសម្បយោគទុក្ខ។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេចហៅថា បិយេហិវិប្បយោគទុក្ខ។ រូបារម្មណ៍ សទ្ទារម្មណ៍ គន្ធារម្មណ៍ រសារម្មណ៍ ផោដ្ឋព្វារម្មណ៍ ដែលជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត មានដល់បុគ្គលណា ក្នុងលោកនេះ ពុំនោះសោត ជនទាំងឡាយណា ទោះមាតាក្តី បិតាក្តី បងប្អូនប្រុសក្តី បងប្អូនស្រីក្តី មិត្រក្តី អាមាត្យក្តី ញាតិសាលោហិតក្តី ដែលជាអ្នកប្រាថ្នានូវសេចក្តីចំរើន ប្រាថ្នានូវប្រយោជន៍ ប្រាថ្នានូវសេចក្តីសប្បាយ ប្រាថ្នានូវសេចក្តីក្សេមចាកយោគៈ ចំពោះបុគ្គលនោះ ការមិនបានជួបគ្នា មិនបានជួបជុំគ្នា កិរិយាមិនបានប្រជុំគ្នា ការមិននៅច្រឡូកច្រឡំ នឹងអារម្មណ៍ទាំងឡាយនោះៗ នឹងជនទាំងឡាយនោះៗ ម្នាលភិក្ខុទាំងឡាយ នេះ តថាគតហៅថា បិយេហិវិប្បយោគទុក្ខ។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេចហៅថា យម្បិច្ឆំ ន លភតិ តម្បិ ទុក្ខ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វ ដែលមានជាតិជាធម្មតា តែងមានសេចក្តីប្រាថ្នាកើតឡើង យ៉ាងនេះថា ធ្វើម្តេចហ្ន៎ ឲ្យយើងទាំងឡាយ កុំគប្បីមានជាតិជាធម្មតា ពុំនោះសោត ជាតិ