ម្នាលភិក្ខុទាំងឡាយ នេះ តថាគតហៅថា សម្មាវាយាមៈ។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេចហៅថា សម្មាសតិ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញនូវកាយ ក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ មានការព្យាយាម ជាគ្រឿងដុតកម្តៅនូវកិលេស ជាអ្នកដឹងខ្លួន មានស្មារតីជាគ្រឿងកំណត់ កំចាត់បង់នូវអភិជ្ឈា និងទោមនស្សក្នុងលោក ពិចារណាឃើញនូវវេទនា ក្នុងវេទនាទាំងឡាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤។បេ។ ក្នុងចិត្ត។បេ។ ពិចារណាឃើញនូវធម៌ ក្នុងធម៌ទាំងឡាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ មានការព្យាយាមជាគ្រឿងដុតកម្តៅនូវកិលេស ជាអ្នកដឹងខ្លួន មានស្មារតីជាគ្រឿងកំណត់ កម្ចាត់បង់នូវអភិជ្ឈា និងទោមនស្ស ក្នុងលោក។ ម្នាលភិក្ខុទាំងឡាយ នេះ តថាគតហៅថា សម្មាសតិ។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេចហៅថា សម្មាសមាធិ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ស្ងប់ស្ងាត់ចាកកាមទាំងឡាយ ស្ងប់ស្ងាត់ចាកធម៌ទាំងឡាយ ជាអកុសល ក៏ចូលកាន់បឋមជ្ឈាន ដែលប្រកបដោយវិតក្កៈ និងវិចារៈ មានបីតិ និងសុខៈ ដែលកើតអំពីសេចក្តីស្ងប់ស្ងាត់ សម្រេចសម្រាន្តនៅ ដោយឥរិយាបថ៤ លុះភិក្ខុចូលទៅជិតរម្ងាប់នូវវិតក្កៈ និងវិចារៈហើយ ក៏ចូលកាន់ទុតិយជ្ឈាន