ក្រុងសេតព្យៈ លុះចូលទៅដល់ហើយ និយាយនឹងពួកព្រាហ្មណ៍ គហបតី អ្នកក្រុងសេតព្យៈ យ៉ាងនេះថា ម្នាលអ្នកដ៏ចំរើន ព្រះបាទបាយាសិរាជញ្ញៈ បានត្រាស់យ៉ាងនេះថា អ្នកដ៏ចំរើនទាំងឡាយ ចូររង់ចាំសិន ព្រះបាទបាយាសិរាជញ្ញៈ នឹងចូលទៅដើម្បីជួបសមណៈកុមារកស្សបៈដែរ ហើយត្រាស់ដូច្នេះថា ពីមុនមក សមណៈកុមារកស្សប តែងញុំាងពួកព្រាហ្មណ៍ និងគហបតី អ្នកក្រុងសេតព្យៈ ដែលល្ងង់ មិនវាងវៃ ឲ្យទាល់តែចូលចិត្តច្បាស់ថា លោកដទៃមាន សត្វជាឱបបាតិកៈមាន ផលនិងវិបាករបស់កម្មទាំងឡាយ ដែលពួកសត្វធ្វើល្អ ធ្វើអាក្រក់មាន ដោយហេតុនេះ ម្នាលខត្តៈដ៏ចំរើន តែបើតាមពិតនោះ លោកដទៃមិនមាន សត្វជាឱបបាតិកៈមិនមាន ផលនិងវិបាករបស់កម្មទាំងឡាយ ដែលពួកសត្វធ្វើល្អ ធ្វើអាក្រក់មិនមានទេ។ ខត្តាមាត្យនោះ ទទួលព្រះឱង្ការរបស់ព្រះបាទបាយាសិរាជញ្ញៈថា ករុណាវិសេស ហើយក៏ចូលទៅរក ពួកព្រាហ្មណ៍ និងគហបតី អ្នកក្រុងសេតព្យៈ លុះចូលទៅដល់ហើយ និយាយនឹងពួកព្រាហ្មណ៍ គហបតី អ្នកក្រុងសេតព្យៈ យ៉ាងនេះថា ម្នាលអ្នកដ៏ចំរើន ព្រះបាទបាយាសិរាជញ្ញៈ ត្រាស់យ៉ាងនេះថា អ្នកដ៏ចំរើនទាំងឡាយ ចូររង់ចាំសិន ដ្បិត ព្រះបាទបាយាសិរាជញ្ញៈ នឹងចូលទៅជួបសមណៈកុមារកស្សបៈដែរ។