បពិត្ររាជញ្ញៈ មហាបពិត្រ សំគាល់ហេតុនេះដូចម្ដេច ពួកបុរសរបស់មហាបពិត្រ ក្នុងដែននេះ ចាប់បានចោរ ដែលប្រព្រឹត្តអាក្រក់មកថ្វាយមហាបពិត្រ រួចក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន អ្នកនេះជាចោរ ប្រព្រឹត្តអាក្រក់នឹងព្រះអង្គ ទ្រង់សព្វព្រះហឫទ័យនឹង (ដាក់) អាជ្ញាណា ដល់ចោរនេះ សូមទ្រង់ដាក់អាជ្ញានោះមក ទើបមហាបពិត្រ មានបន្ទូលនឹងបុរសទាំងនោះ យ៉ាងនេះថា ម្នាលអ្នកដ៏ចំរើនទាំងឡាយ បើដូច្នោះ អ្នកទាំងឡាយ ចូរនាំគ្នាចងបុរសនេះ ឲ្យមានដើមដៃទៅខាងក្រោយ (ចងស្លាបសេក) ឲ្យខ្ជាប់ដោយខ្សែដ៏មាំ ហើយកោរក្បាលឲ្យរលីងចេញ ហើយ (ត្រូវទូង) ស្គរជ័យ ដែលមានសំឡេងឮខ្លាំង នាំបណ្តើរជុំវិញសព្វច្រក សព្វផ្លូវបំបែក រួចនាំចេញទៅតាមទ្វារខាងត្បូង កាត់ក្បាលត្រង់កន្លែងសម្រាប់ពិឃាត ជាខាងត្បូងនគរចុះ បុរសទាំងនោះ ទទួលព្រះឱង្ការ របស់មហាបពិត្រថា ព្រះកុរណាវិសេស ហើយក៏នាំគ្នាចងបុរសនោះ ឲ្យមានដើមដៃទៅខាងក្រោយ ឲ្យខ្ជាប់ដោយខ្សែដ៏មាំ កោរក្បាលឲ្យរលីងចេញ (ទូង) ស្គរជ័យ ដែលមានសំឡេងឮខ្លាំង នាំបណ្តើរជុំវិញសព្វច្រក សព្វផ្លូវបំបែក