ហើយនាំគ្នាទៅស្រង់បុរសនោះ ពីរណ្តៅលាមកនោះមក ឯមហាបពិត្រ ក៏មានព្រះឱង្ការនឹងរាជបុរសទាំងនោះយ៉ាងនេះថា ម្នាលអ្នកដ៏ចំរើន បើដូច្នោះ ចូរអ្នកទាំងឡាយ យកចម្រៀកឫស្សី មកកោសកៀរលាមក អំពីកាយបុរសនោះឲ្យស្អាតចេញ រាជបុរសទាំងនោះ ទទួលព្រះឱង្ការនៃមហាបពិត្រ ករុណាវិសេស ហើយក៏យកចម្រៀកឫស្សី មកកោសកៀរលាមក អំពីកាយបុរសនោះឲ្យស្អាត ទើបមហាបពិត្រ មានព្រះបន្ទូល នឹងរាជបុរសទាំងនោះ យ៉ាងនេះទៀតថា ម្នាលអ្នកដ៏ចំរើន បើដូច្នោះ ចូរអ្នកទាំងឡាយ យកដីស្អិតពណ៌លឿង មកដុះលាងកាយបុរសនោះអស់បីដង រាជបុរសទាំងនោះ ទទួលព្រះឱង្ការរបស់មហាបពិត្រថា ករុណាវិសេស ហើយក៏យកដីស្អិតពណ៌លឿង មកដុះលាងកាយបុរសនោះ អស់បីដង មហាបពិត្រ មានព្រះបន្ទូល នឹងរាជបុរសទាំងនោះ យ៉ាងនេះទៀតថា ម្នាលអ្នកដ៏ចំរើន បើដូច្នោះ ចូរអ្នកទាំងឡាយ យកប្រេង លាបបុរសនោះ ហើយយកគ្រឿងលំអិតដ៏ម៉ដ្ឋ ទៅខាត់ឲ្យស្អាតល្អអស់បីដង រាជបុរសទាំងនោះ ក៏បានយកប្រេងមកលាបបុរសនោះ ហើយយកគ្រឿងលំអិតដ៏ម៉ដ្ឋ ទៅខាត់ឲ្យស្អាតល្អអស់បីដង មហាបពិត្រ ត្រាស់ទៅនឹងរាជបុរសទាំងនោះ យ៉ាងនេះ