គង់យល់សេចក្តីនៃភាសិត ដោយពាក្យឧបមាបាន បពិត្ររាជញ្ញៈ កាលពីព្រេងនាយមក មានព្រាហ្មណ៍ម្នាក់ មានប្រពន្ធពីរនាក់ គឺប្រពន្ធម្នាក់ មានកូនប្រុស១ មានអាយុ១០ឆ្នាំ ឬ១២ឆ្នាំ ប្រពន្ធម្នាក់ទៀត កំពុងតែមានគភ៌ ជិតនឹងសម្រាល ក្នុងពេលនោះ ព្រាហ្មណ៍ជា(ស្វាមី)នោះ ក៏ធ្វើមរណកាលទៅ លំដាប់នោះ មាណពជាកូននោះ បាននិយាយនឹងម្តាយចុង យ៉ាងនេះថា នែអ្នកម្តាយដ៏ចំរើន របស់ណាគឺទ្រព្យក្តី ស្រូវក្តី ប្រាក់ក្តី មាសក្តី របស់ទាំងអស់នោះ ជារបស់ខ្ញុំ ឯអ្នក មិនត្រូវបានចំណែកតិចតួច ក្នុងសម្បត្តិនេះទេ នែអ្នកម្តាយដ៏ចំរើន សូមអ្នកម្តាយ ប្រគល់ទ្រព្យមត៌ក ជារបស់បិតាឲ្យមកខ្ញុំ។ កាលមាណពនោះ និយាយយ៉ាងនេះ នាងព្រាហ្មណីនោះ បាននិយាយនឹងមាណពនោះ យ៉ាងនេះថា នែកូន ចូរបាបង្អង់សិន ទំរាំអញសម្រាលកូនរួចសិន បើកូននោះ ជាកូនប្រុស កូនប្រុសនោះ នឹងត្រូវបានទ្រព្យបន្តិចបន្តួចដែរ បើកូននោះ ជាកូនស្រី កូនស្រីនោះ នឹងបានធ្វើជាភរិយារបស់អ្នក។ មាណពនោះ និយាយនឹងម្តាយចុង ជាគំរប់ពីរដង យ៉ាងនេះថា នែអ្នកម្តាយ របស់ណា គឺទ្រព្យក្តី ស្រូវក្តី ប្រាក់ក្តី មាសក្តី របស់ទាំងអស់នោះ