កាលដែលយើងដឹងថា បុរសនោះស្លាប់ហើយ ទើបឲ្យពួករាជបុរស ដាក់ខ្ទះនោះចុះមក គាស់ដីស្អិត បង្ហើបមាត់សន្សឹមៗ ហើយពិនិត្យមើលដោយបំណងថា យើងនឹងចាំមើលជីវៈ (ព្រលឹង) របស់ចោរនោះ ដែលចេញទៅ តែយើងមិនឃើញជីវៈរបស់ចោរនោះចេញទៅសោះ។ បពិត្រព្រះកស្សបដ៏ចំរើន បរិយាយនេះឯង ដែលនាំឲ្យខ្ញុំមានគំនិត យ៉ាងនេះថា លោកដទៃមិនមាន ពួកសត្វជាឱបបាតិកៈមិនមាន ផលវិបាករបស់កម្មទាំងឡាយ ដែលសត្វធ្វើល្អ ធ្វើអាក្រក់មិនមាន ដោយហេតុនេះ។ ថ្វាយព្រះពររាជញ្ញៈ បើដូច្នោះ អាត្មាភាពនឹងត្រឡប់សួរមហាបពិត្រ ក្នុងបរិយាយនេះវិញ ប្រស្នានេះ ពេញព្រះហឫទ័យនៃមហាបពិត្រ យ៉ាងណា សូមមហាបពិត្រ ព្យាករប្រស្នានោះយ៉ាងនោះ។ បពិត្ររាជញ្ញៈ ទ្រង់ធ្លាប់ចូលទៅកាន់ទីព្រះបន្ទំ ក្នុងវេលាថ្ងៃ បានទ្រង់ព្រះសុបិនឃើញសួនច្បារ ជាទីសប្បាយ ព្រៃជាទីសប្បាយ (ទេសភាព) ផែនដីជាទីសប្បាយ ស្រះឈូកជាទីសប្បាយ ដែរឬទេ។ បពិត្រព្រះកស្សបដ៏ចំរើន ខ្ញុំធ្លាប់ចូលទៅកាន់ដំណេក ក្នុងវេលាថ្ងៃ ធ្លាប់យល់សប្តិឃើញ សួនច្បារ ជាទីសប្បាយ ព្រៃជាទីសប្បាយ ផែនដីជាទីសប្បាយ ស្រះឈូកជាទីសប្បាយ ដែរ។