។បេ។ ថ្វាយព្រះពររាជញ្ញៈ បរិយាយនោះ តើដូចម្តេច។ បពិត្រព្រះកស្សបដ៏ចំរើន ពួករាជបុរសក្នុងដែននេះ ចាប់ចោរដែលប្រព្រឹត្តអាក្រក់ មកឲ្យដល់ខ្ញុំថា បពិត្រព្រះអង្គដ៏ចំរើន អ្នកនេះ ជាចោរប្រព្រឹត្តអាក្រក់នឹងព្រះអង្គ ព្រះអង្គសព្វព្រះហឫទ័យនឹងដាក់អាជ្ញាណា ដល់ចោរនេះ សូមព្រះអង្គដាក់អាជ្ញានោះចុះ ខ្ញុំនិយាយនឹងរាជបុរសទាំងនោះ យ៉ាងនេះថា នែអ្នកដ៏ចំរើន បើដូច្នោះ ចូរអ្នកទាំងឡាយ ឆូតស្បែកក្រៅ របស់បុរសនេះមើល ក្រែងលោយើងឃើញជីវៈរបស់បុរសនេះ ពួករាជបុរសទាំងនោះ ក៏ឆូតស្បែកក្រៅរបស់បុរសនោះ។ យើងក៏មិនបានឃើញជីវៈរបស់បុរសនោះសោះ។ ខ្ញុំនិយាយនឹងរាជបុរសទាំងនោះ យ៉ាងនេះទៀតថា ម្នាលអ្នកដ៏ចំរើន បើដូច្នោះ ចូរអ្នកទាំងឡាយ ពន្លះស្បែកក្នុង អារសាច់ កាត់សរសៃ កាត់ឆ្អឹង ឆ្កៀលខួរក្នុងឆ្អឹង របស់បុរសនេះមើល ក្រែងលោយើងបានឃើញជីវៈរបស់វា រាជបុរសទាំងនោះ ក៏ឆ្កៀលខួរក្នុងឆ្អឹង របស់បុរសនោះ។ យើងក៏នៅតែមិនឃើញជីវៈរបស់បុរសនោះសោះ។ បពិត្រព្រះកស្សបដ៏ចំរើន បរិយាយនេះឯង ដែលនាំឲ្យខ្ញុំនៅមានគំនិត យ៉ាងនេះថា លោកដទៃមិនមាន ពួកសត្វជាឱបបាតិកៈមិនមាន ផលវិបាករបស់កម្មទាំងឡាយ ដែលសត្វធ្វើល្អ ធ្វើអាក្រក់មិនមាន ដោយហេតុនេះ។