នែបា ចូរឯងបម្រើភ្លើង កុំឲ្យភ្លើងរបស់ឯងរលត់ឡើយ បើជួនជាភ្លើងរបស់ឯងរលត់ហើយ កាំបិតនេះ ឧសនេះ ឈើពំនួតភ្លើងនេះ មាន ត្រូវឯងយកទៅបង្កាត់ភ្លើង ហើយបម្រើភ្លើង (កុំខាន) បើដូច្នោះ គួរតែអាត្មាអញ បង្កាត់ភ្លើង ហើយបម្រើភ្លើងចុះ។ កាលនោះ ទារកនោះ យកកាំបិត ចាំឈើពំនួតមើល ដោយគិតថា ធ្វើម្តេចហ្ន៎ អាត្មាអញ នឹងបានភ្លើងនេះ។ ទារកនោះ ក៏មិនបានភ្លើងសោះ ហើយក៏ពុះឈើពំនួតជាពីរចំណែក បីចំណែក បួនចំណែក ប្រាំចំណែក ដប់ចំណែក ម្ភៃចំណែក ធ្វើឲ្យជាចំរៀកតូចៗ លុះធ្វើឲ្យជាចំរៀកល្អិតៗហើយ ក៏យកទៅបុកក្នុងត្បាល់ លុះបុកក្នុងត្បាល់រួចហើយ រោយទៅតាមខ្យល់ខ្លាំង ដោយបំណងថា ធ្វើម្តេចហ្ន៎ អាត្មាអញនឹងបានភ្លើងនេះ។ ទារកនោះ ក៏នៅតែមិនបានភ្លើងសោះ។ លំដាប់នោះ ជដិលអ្នកបម្រើភ្លើងនោះ សម្រេចកិច្ចដែលត្រូវធ្វើ ក្នុងជនបទនោះហើយ បានចូលទៅអាស្រមរបស់ខ្លួន លុះចូលទៅដល់ហើយ បាននិយាយនឹងទារកនោះ យ៉ាងនេះថា ហៃបា ហេតុដូចម្តេច ក៏ឯងឲ្យភ្លើងរលត់។