[១៦២] បុរសអ្នកលេបនូវកូនបាស្កា ដែលគេលាបដោយថ្នំពិស ដ៏ក្លៀវក្លាបំផុត ក៏នៅតែមិនដឹងខ្លួន ធម្មតា អ្នកលេងវៀចអាក្រក់ ជាអ្នកកំសត់ តែងលេប (កូនបាស្កា) សេចក្តីក្តៅក្រហាយ នឹងមានដល់អ្នកឯង។
[១៦៣] ថ្វាយព្រះពររាជញ្ញៈ មហាបពិត្រ ទុកដូចជាអ្នកលេងបាស្កា យ៉ាងនោះដែរ បពិត្ររាជញ្ញៈ សូមមហាបពិត្រ លះបង់ទិដ្ឋិអាក្រក់នុ៎ះចេញ បពិត្ររាជញ្ញៈ សូមមហាបពិត្រ លះបង់ទិដ្ឋិអាក្រក់នុ៎ះចេញ ទិដ្ឋិអាក្រក់ (ប្រព្រឹត្តទៅ) ដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខ អស់កាលជាយូរអង្វែង កុំបីមាន ដល់មហាបពិត្រឡើយ។
[១៦៤] ព្រះកស្សបដ៏ចំរើន ពោលយ៉ាងនេះក៏សមដែរហើយ តែខ្ញុំមិនអាចនឹងលះបង់ទិដ្ឋិអាក្រក់នេះចេញទេ (ព្រោះ) ស្តេចបសេនទិកោសលក្តី ពួកស្តេចខាងក្រៅក្តី សឹងតែជ្រាបនូវខ្ញុំថា ស្តេចបាយាសិរាជញ្ញៈ ធ្លាប់មានវាទៈ យ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា លោកដទៃមិនមាន ពួកសត្វជាឱបបាតិកៈមិនមាន ផលវិបាករបស់កម្មទាំងឡាយ ដែលសត្វធ្វើល្អ ធ្វើអាក្រក់មិនមាន ដោយហេតុនេះ បពិត្រព្រះកស្សបដ៏ចំរើន បើខ្ញុំនឹងលះបង់ទិដ្ឋិអាក្រក់នេះចេញ មុខជានឹងមានអ្នកផង ស្តីឲ្យខ្ញុំថា ស្តេច