បម្រើយើងម្តងៗចុះ។ ម្នាលអានន្ទ បរិនាយករ័តន៍ បានទទួលព្រះរាជឱង្ការ នៃព្រះបាទមហាសុទស្សនៈថា ព្រះករុណាថ្លៃវិសេស។ ម្នាលអានន្ទ សម័យខាងក្រោយមក លុះកាលកន្លងទៅ១០០ឆ្នាំៗ ដំរី៤២០០០ៗ ក៏នាំគ្នាមកកាន់ទីបម្រើព្រះបាទមហាសុទស្សនៈម្តងៗ។ ម្នាលអានន្ទ លុះកាលកន្លងទៅច្រើនឆ្នាំ ច្រើនរយឆ្នាំ ច្រើនពាន់ឆ្នាំ ព្រះនាងសុភទ្ទាទេវី ទ្រង់មានសេចក្តីត្រិះរិះដូច្នេះថា អាត្មាអញ ខានឃើញព្រះបាទមហាសុទស្សនៈ អស់កាលយូរមកហើយ បើដូច្នោះ គួរតែអាត្មាអញ ចូលទៅគាល់ព្រះបាទមហាសុទស្សនៈ។ ម្នាលអានន្ទ លំដាប់នោះ ព្រះនាងសុភទ្ទាទេវី ទ្រង់ត្រាស់ហៅ (ពួក) ស្រីស្នំថា នាងទាំងឡាយ ចូរមក ចូរកក់ក្បាល ចូរដណ្តប់សំពត់ពណ៌លឿង យើងខានបានឃើញព្រះបាទមហាសុទស្សនៈ អស់កាលយូរមកហើយ យើងគួរនឹងចូលទៅគាល់ព្រះបាទមហាសុទស្សនៈ។ ម្នាលអានន្ទ ពួកស្រីស្នំ ក៏បានទទួលព្រះរាជសវនីយ នៃព្រះនាងសុភទ្ទាទេវីថា ព្រះនាងម្ចាស់ យ៉ាងនោះមែនហើយ ដូច្នេះហើយ ក៏កក់ក្បាល ដណ្តប់សំពត់ពណ៌លឿង ដើរចូលទៅត្រង់ទី