ម្នាលអានន្ទ កាលបើព្រះនាងសុភទ្ទាទេវី ក្រាបបង្គំទូល យ៉ាងនេះហើយ ព្រះបាទមហាសុទស្សនៈ ទ្រង់មានព្រះរាជឱង្ការ នឹងព្រះនាងសុភទ្ទាទេវីថា ម្នាលនាងទេវី នាងថ្លែងរៀបរាប់ដោយវត្ថុទាំងឡាយ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីពេញចិត្ត ចំពោះយើងអស់រាត្រីយូរហើយ តទៅខាងក្រោយ នាងនឹងថ្លែងរៀបរាប់ ដោយវត្ថុទាំងឡាយ មិនជាទីប្រាថ្នា មិនជាទីត្រេកអរ មិនជាទីពេញចិត្តចំពោះយើងវិញ។ ព្រះនាងសុភទ្ទាទេវី ក្រាបបង្គំទូលថា បពិត្រព្រះសម្មតិទេព ចុះឲ្យខ្ញុំម្ចាស់រៀបរាប់ចំពោះព្រះអង្គ ដោយប្រការដូចម្តេចវិញ។ ព្រះបាទមហាសុទស្សនៈ ទ្រង់ត្រាស់ថា ម្នាលនាងទេវី ចូរនាងថ្លែងរៀបរាប់នឹងយើង យ៉ាងនេះវិញថា សេចក្តីវិនាស សេចក្តីព្រាត់ប្រាស និងសេចក្តីឃ្លៀងឃ្លាតចាកសត្វ និងសង្ខារទាំងពួង ដែលជាទីស្រឡាញ់ ជាទីពេញចិត្ត (រមែងមានដល់ព្រះអង្គ) បពិត្រព្រះសម្មតិទេព សូមព្រះអង្គកុំទិវង្គត ប្រកបដោយសេចក្តីអាល័យឡើយ (ព្រោះថា) កាលកិរិយារបស់បុគ្គល ដែលមានសេចក្តីអាល័យ តែងនាំមកនូវសេចក្តីទុក្ខ មួយទៀត កាលកិរិយារបស់បុគ្គលដែលមានសេចក្តីអាល័យ អ្នកប្រាជ្ញតែងតិះដៀល បពិត្រព្រះសម្មតិទេព ឯនគរ៨៤០០០ របស់ព្រះអង្គទាំងនេះ មាននគរកុសាវតី