សូមព្រះអង្គ កុំធ្វើនូវសេចក្តីអាល័យ ក្នុងព្រះជីវិតឡើយ បពិត្រព្រះសម្មតិទេព មេគោ៨៤០០០របស់ព្រះអង្គនេះ សម្រាប់រូតបង្ហូរ (យកទឹកដោះ) មានភាជន៍សំរិទ្ធិសម្រាប់ត្រង បពិត្រព្រះសម្មតិទេព សូមព្រះអង្គលះបង់នូវសេចក្តីស្រឡាញ់ ចំពោះមេគោទាំងនុ៎ះ សូមព្រះអង្គ កុំធ្វើនូវសេចក្តីអាល័យ ក្នុងព្រះជីវិតឡើយ បពិត្រព្រះសម្មតិទេព សំពត់៨៤០០០កោដិ របស់ព្រះអង្គនេះ ជាសំពត់ដែលត្បាញដោយសម្បកឈើ មានសាច់ដ៏ល្អិត សំពត់ធ្វើដោយកប្បាស មានសាច់ដ៏ល្អិត សំពត់ធ្វើដោយសូត្រ មានសាច់ដ៏ល្អិត សំពត់កម្ពល គឺសំពត់ត្បាញដោយរោមសត្វ មានសាច់ដ៏ល្អិត បពិត្រព្រះសម្មតិទេព សូមព្រះអង្គលះបង់នូវសេចក្តីស្រឡាញ់ ចំពោះសំពត់ទាំងនុ៎ះចេញ សូមព្រះអង្គ កុំធ្វើនូវសេចក្តីអាល័យ ក្នុងព្រះជីវិតឡើយ បពិត្រព្រះសម្មតិទេព ភាជន៍ក្រយាស្ងោយ ៨៤០០០ របស់ព្រះអង្គនេះ ដែលពួកពិសេស តែងនាំយកភត្តមកថ្វាយ ទាំងល្ងាច ទាំងព្រឹក បពិត្រព្រះសម្មតិទេព សូមព្រះអង្គ លះបង់នូវសេចក្តីស្រឡាញ់ ចំពោះភាជន៍ក្រយាស្ងោយទាំងនុ៎ះចេញ សូមព្រះអង្គ កុំធ្វើនូវសេចក្តីអាល័យ ក្នុងព្រះជីវិតឡើយ។ ម្នាលអានន្ទ កាលបើព្រះបាទមហាសុទស្សនៈ ទ្រង់មានព្រះរាជឱង្ការបង្គាប់ឲ្យនាងទេវី រៀបរាប់យ៉ាងនេះហើយ ព្រះនាងសុភទ្ទាទេវី ក៏ទ្រង់ព្រះកន្សែង សោយសោក ស្រក់ទឹកព្រះនេត្រ។