សម័យនោះ តថាគត ជិះតែវេជយន្តរាជរថ ម្នាលអានន្ទ បណ្តាស្ត្រីទាំង៨៤០០០នោះឯង ស្ត្រីទាំងនោះ ទុកដូចជាស្ត្រីម្នាក់ សម័យនោះ មានស្ត្រីខត្តិយាយិនី (ស្ត្រីក្សត្រិយ៍) ផង ស្ត្រីវេស្សាយិនី (ស្រី្តរាស្ត្រ)ផង តែងនៅចាំគាល់បម្រើ ម្នាលអានន្ទ បណ្តាសំពត់ទាំង៨៤០០០កោដិនោះឯង គូសំពត់ទាំងនោះ ទុកដូចជាសំពត់១គូ សម័យនោះ តថាគតស្លៀកពាក់តែសំពត់ដែលធ្វើដោយសម្បកឈើ មានសាច់ដ៏ល្អិត ឬសំពត់ធ្វើដោយកប្បាស មានសាច់ដ៏ល្អិត សំពត់ធ្វើដោយសូត្រ មានសាច់ដ៏ល្អិត ឬសំពត់ធ្វើដោយរោមសត្វ មានសាច់ដ៏ល្អិត ម្នាលអានន្ទ ភាជន៍ក្រយាស្ងោយទាំង ៨៤០០០នោះឯង ភាជន៍ក្រយាស្ងោយទាំងនោះ ទុកដូចជាភាជន៍មួយ ក្នុងវេលាដែលតថាគតបរិភោគនូវបាយ ចំនួនអង្ករមួយនាឡិ ជាយ៉ាងក្រៃលែងផង សម្លដ៏សមគួរដល់បាយនោះផង ម្នាលអានន្ទ អ្នកចូរមើលចុះ សង្ខារទាំងពួងនោះកន្លងទៅហើយ រលាយរលត់ទៅហើយ ប្រែប្រួលទៅហើយ ម្នាលអានន្ទ សង្ខារទាំងឡាយ មិនទៀងយ៉ាងនេះឯង មិនឋិតថេរយ៉ាងនេះឯង មិនស្តាប់បង្គាប់យ៉ាងនេះឯង ម្នាលអានន្ទ សេចក្តីនេះ មានដរាបមក គួរដើម្បីនឿយណាយ គួរដើម្បីប្រាសចាកសេចក្តីត្រេកអរ