បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ មានសេចក្តីត្រិះរិះដូច្នេះថា អាត្មាអញ នឹងបានឃើញព្រះមានព្រះភាគផង នឹងបានក្រាបទូលពាក្យនេះ ចំពោះព្រះមានព្រះភាគផង បពិត្រព្រះអង្គដ៏ចំរើន ហេតុទាំងពីរ(១) នេះឯង ដែលជាហេតុនាំឲ្យខ្ញុំព្រះអង្គ បានចូលមកឃើញព្រះមានព្រះភាគ បពិត្រព្រះអង្គដ៏ចំរើន ថ្ងៃពីមុនៗមក ពួកទេវតាទាំងអស់ ដែលឋិតនៅក្នុងឋានតាវត្តិង្ស អង្គុយប្រជុំគ្នាក្នុងរោងសុធម្មា ក្នុងរាត្រី មានព្រះចន្ទពេញវង់ ជាថ្ងៃជិតចូលវស្សា គឺថ្ងៃឧបោសថទី១៥ ទាំងទេវបរិសទ្យជាច្រើន អង្គុយត្រៀបត្រាជុំវិញ មហារាជទំាង៤ ក៏គង់នៅគ្រប់ទិសទាំង៤ គឺមហារាជឈ្មោះ ធតរដ្ឋៈ គង់ក្នុងទិសខាងកើត បែរព្រះភក្ត្រទៅទិសខាងលិច មានពួកទេវតាចោមរោមជាបរិវារ មហារាជឈ្មោះ វិរូឡ្ហកៈ គង់ក្នុងទិសខាងត្បូង បែរព្រះភក្ត្រទៅទិសខាងជើង មានពួកទេវតាចោមរោមជាបរិវារ មហារាជឈ្មោះ វិរូបក្ខៈ គង់ក្នុងទិសខាងលិច បែរព្រះភក្ត្រទៅទិសខាងកើត មានពួកទេវតា ចោមរោមជាបរិវារ មហារាជឈ្មោះ វេស្សវ័ណ គង់ក្នុងទិសខាងជើង បែរព្រះភក្ត្រទៅទិសខាងត្បូង
(១) ហេតុដែលបានឃើញព្រះមានព្រះភាគ ពាក់កណ្តាលផ្លូវ១ ហេតុដែលមានប្រាថ្នា ដើម្បីក្រាបទូលពាក្យ ដែលបានស្តាប់ក្នុងទីចំពោះព្រះភក្ត្រនៃព្រះវេស្សវណមហារាជ១។