មានពួកទេវតាចោមរោមជាបរិវារ បពិត្រព្រះអង្គដ៏ចំរើន ពួកទេវតា ដែលនៅក្នុងឋានតាវត្តិង្សទាំងអស់ អង្គុយប្រជុំគ្នាក្នុងរោងសុធម្មា ទាំងទេវបរិសទ្យជាច្រើន ក៏អង្គុយត្រៀបត្រាជុំវិញ មហារាជទំាង៤ ក៏គង់ក្នុងទិសទាំង៤នេះ ជាអាសនៈរបស់មហារាជទាំង៤នោះ ឯអាសនៈរបស់យើងទាំងឡាយ នៅខាងក្រោយ បពិត្រព្រះអង្គដ៏ចំរើន ពួកទេវតាណា បានប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់នៃព្រះមានព្រះភាគហើយ ទៅកើតក្នុងពួកទេវតា ដែលនៅក្នុងឋានតាវត្តិង្ស ក្នុងកាលឥឡូវនេះ ពួកទេវតានោះ រមែងរុងរឿងជាងពួកទេវតាឯទៀត ដោយសម្បុរផង ដោយយសផង បពិត្រព្រះអង្គដ៏ចំរើន ព្រោះហេតុនោះ បានឮថា ពួកតាវត្តិង្សទេវតា មានចិត្តត្រេកអរ រីករាយ កើតបីតិសោមនស្សឡើងថា អើហ្ន៎ ពួកទិព្វកាយ នៅបរិបូណ៌ ពួកអសុរកាយ សាបសូន្យទៅ បពិត្រព្រះអង្គដ៏ចំរើន គ្រានោះឯង ព្រះឥន្ទជាធំជាងទេវតាទាំងឡាយ ជ្រាបនូវសេចក្តីជ្រះថ្លា របស់ពួកតាវត្តិង្សទេវតាហើយ ក៏អនុមោទនា ដោយគាថា ទាំងឡាយនេះថា