[៣២] បពិត្រព្រះអង្គដ៏ចំរើន ព្រោះហេតុនោះ បានឮថា ពួកតាវត្តិង្សទេវតា ក៏រឹងរឹតតែមានចិត្តត្រេកអរ រីករាយ កើតបីតិសោមនស្សឡើងថា អើហ្ន៎ ពួកទិព្វកាយនៅបរិបូណ៌ ពួកអសុរកាយ សាបសូន្យទៅ បពិត្រព្រះអង្គដ៏ចំរើន គ្រានោះ ពួកតាវត្តិង្សទេវតា អង្គុយប្រជុំគ្នា ក្នុងរោងសុធម្មា ដោយប្រយោជន៍ណា ក៏គិតនូវប្រយោជន៍នោះ(១) ប្រឹក្សានូវប្រយោជន៍នោះ (ជាមួយនឹងមហារាជទាំង៤) មហារាជទាំង៤ ដែលពួកតាវត្តិង្សទេវតា បាននិយាយដាស់តឿន ក្នុងប្រយោជន៍នោះផង មហារាជទាំង៤ ដែលពួកតាវត្តិង្សទេវតា បាននិយាយប្រៀនប្រដៅ ក្នុងប្រយោជន៍នោះផង ក៏ឋិតនៅលើអាសនៈទាំងឡាយរាល់ៗខ្លួន មិនចៀសចេញទៅឡើយ។
ស្តេចទាំងនោះ ដែលទេវបុត្តទាំងនោះ បាននិយាយដាស់តឿនហើយ ក៏មានចិត្តជ្រះថ្លា ទទួលយកនូវពាក្យប្រៀនប្រដៅ ហើយក៏ឋិតនៅលើអាសនៈរបស់ខ្លួន។
(១) អដ្ឋកថា ថា ពួកតាវត្តិង្សទេវតា បានគិតនូវប្រយោជន៍គឺ ការរក្សានូវភិក្ខុសង្ឃ ដែលនៅក្នុងព្រៃ ហើយប្រឹក្សាជាមួយនឹងមហារាជទាំង៤ថា អ្នកទាំងឡាយ ចូរចាត់ចែងការរក្សាភិក្ខុសង្ឃ ដែលនៅក្នុងទីនេះខ្លះ ក្នុងទីនុ៎ះខ្លះ។