ដោយយសផង ក្នុងកាលនោះ បពិត្រព្រះអង្គដ៏ចំរើន រូបដែលធ្វើពីមាស រមែងរុងរឿងជាងរាងកាយ របស់មនុស្សធម្មតាដូចម្តេចមិញ បពិត្រព្រះអង្គដ៏ចំរើន សនង្កុមារព្រហ្ម មានមកប្រាកដ ដល់ពួកតាវត្តិង្សទេវតា ក្នុងកាលណា ព្រហ្មនោះរុងរឿងជាងទេវតាដទៃ ដោយសម្បុរផង ដោយយសផង ក្នុងកាលនោះ ដូច្នោះឯង បពិត្រព្រះអង្គដ៏ចំរើន សនង្កុមារព្រហ្ម មានមកប្រាកដ ដល់ពួកតាវត្តិង្សទេវតា ក្នុងកាលណា ឥតមានទេវតាណាមួយ ក្នុងបរិសទ្យនោះសំពះ ឬក្រោកទទួល ឬអញ្ជើញដោយអាសនៈ ក្នុងកាលនោះឡើយ ពួកទេវតាទាំងអស់ ស្ងៀមព្រងើយ នាំគ្នាផ្គងអញ្ជលី អង្គុយលើបល្លង្ក សនង្កុមារព្រហ្ម ប្រាថ្នាចង់អង្គុយលើបល្លង្ករបស់ទេវតាណា ក៏អង្គុយលើបល្លង្ករបស់ទេវតានោះភ្លាម បពិត្រព្រះអង្គដ៏ចំរើន សនង្កុមារព្រហ្ម អង្គុយលើបល្លង្ករបស់ទេវតាណា ទេវតានោះ រមែងបាននូវសេចក្តីត្រេកអរលើសលុប ទេវតានោះ រមែងបាននូវសេចក្តីសោមនស្សដ៏លើសលុប បពិត្រព្រះអង្គដ៏ចំរើន ក្សត្រជាស្តេចដែលបានមុទ្ធាភិសេកហើយ ទើបនឹងអភិសេកហើយថ្មីៗ ស្តេចនោះ រមែងបាននូវសេចក្តីត្រេកអរដ៏លើសលុប ដោយរាជសម្បត្តិ ស្តេចនោះ រមែងបាននូវសេចក្តីសោមនស្សដ៏លើសលុប មានឧបមាដូចម្តេចមិញ បពិត្រព្រះអង្គដ៏ចំរើន សនង្កុមារព្រហ្ម អង្គុយលើបល្លង្ក របស់ទេវតាណា ទេវតានោះ រមែងបាននូវសេចក្តីត្រេកអរ ដ៏លើសលុប ទេវតានោះ រមែងបាននូវសេចក្តីសោមនស្សដ៏លើសលុប មានឧបមេយ្យ ដូច្នោះដែរ បពិត្រព្រះអង្គដ៏ចំរើន លំដាប់នោះ សនង្កុមារព្រហ្ម បាននិមិ្មតអត្តភាពដ៏លើសលុប ជាភេទនៃកុមារ