ឯសំឡេងរបស់ព្រហ្មនោះ មិនលាន់ឮចេញទៅខាងក្រៅបរិសទ្យឡើយ។ បពិត្រព្រះអង្គដ៏ចំរើន បុគ្គលណាមានសំឡេង ប្រកបដោយអង្គ៨យ៉ាងនេះ បុគ្គលនោះហៅថា មានសំឡេងដូចសំឡេងព្រហ្ម។ បពិត្រព្រះអង្គដ៏ចំរើន គ្រានោះ សនង្កុមារព្រហ្ម និម្មិតអត្តភាពចំនួន៣៣ គង់លើបល្លង្កមួយៗរបស់ពួកតាវត្តិង្សទេវតា ហើយហៅពួកតាវត្តិង្សទេវតាមកថា ម្នាលអ្នកទាំងឡាយដ៏ចំរើន ពួកតាវត្តិង្សទេវតា សំគាល់ហេតុនោះដូចម្តេច ព្រះមានព្រះភាគអង្គនុ៎ះ ទ្រង់ប្រតិបត្តិ ដើម្បីប្រយោជន៍ដល់ជនច្រើន ដើម្បីសេចក្តីសុខដល់ជនច្រើន ដើម្បីអនុគ្រោះ ដល់សត្វលោក ដើម្បីសេចក្តីចំរើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ។ ម្នាលអ្នកទាំងឡាយដ៏ចំរើន បើពួកជនឯណានីមួយ ដល់នូវព្រះពុទ្ធ ជាទីពឹង ដល់នូវព្រះធម៌ ជាទីពឹង ដល់នូវព្រះសង្ឃ ជាទីពឹង ធ្វើនូវការបំពេញក្នុងសីលទាំងឡាយ ហើយពួកជននោះ លុះទម្លាយរាងកាយ ខាងមុខអំពីសេចក្តីស្លាប់ទៅ ខ្លះក៏ទៅកើតជាមួយនឹងពួកទេវតាជាន់បរនិម្មិតវសវត្តី ខ្លះក៏ទៅកើតជាមួយនឹងពួកទេវតាជាន់និម្មានរតី ខ្លះក៏ទៅកើតជាមួយនឹងពួកទេវតាជាន់តុសិត ខ្លះក៏ទៅកើតជាមួយនឹងពួកទេវតាជាន់យាមៈ