នឹងឃើញនូវព្រហ្មបាន សាកសួរ និយាយឆ្លើយឆ្លង ប្រឹក្សាជាមួយនឹងព្រហ្មបាន បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គប្រាថ្នា ដើម្បីនឹងសម្ងំនៅក្នុងរដូវភ្លៀង អស់៤ខែ ពិចារណានូវករុណាឈាន មិនត្រូវឲ្យអ្នកណាមួយ ចូលទៅរកខ្ញុំព្រះអង្គឡើយ វៀរលែងតែបុគ្គលម្នាក់ ជាអ្នកនាំអាហារទៅឲ្យ។ ក្សត្រទាំង៦អង្គ មានព្រះរាជឱង្ការថា គោវិនទ្ធព្រាហ្មណ៍ដ៏ចំរើន សំគាល់នូវកាលគួរ ក្នុងកាលឥឡូវនេះចុះ។ ម្នាលអ្នកដ៏ចំរើន គ្រានោះឯង មហាគោវិន្ទព្រាហ្មណ៍ ចូលទៅរកព្រាហ្មណមហាសាលទាំង៧នាក់ និងខ្មាន់ព្រះកេសទាំង៧០០នាក់ លុះចូលទៅដល់ហើយ បាននិយាយទៅនឹងព្រាហ្មណមហាសាល ទាំង៧នាក់ និងខ្មាន់ព្រះកេសទាំង៧០០នាក់ យ៉ាងនេះថា ម្នាលអ្នកដ៏ចំរើន កិត្តិសព្ទដ៏ពីរោះ របស់ខ្ញុំ ល្បីឮខ្ចរខ្ចាយទៅ យ៉ាងនេះថា មហាគោវិន្ទព្រាហ្មណ៍ អាចឃើញព្រហ្ម ដោយផ្ទាល់ខ្លួន អាចសាកសួរ និយាយឆ្លើយឆ្លង ប្រឹក្សាជាមួយនឹងព្រហ្មដោយផ្ទាល់ខ្លួនបាន ម្នាលអ្នកដ៏ចំរើន តែខ្ញុំមិនបានឃើញព្រហ្មសោះ មិនបានសាកសួរ ជាមួយនឹងព្រហ្ម មិនបាននិយាយឆ្លើយឆ្លង ជាមួយនឹងព្រហ្ម មិនបានប្រឹក្សាជាមួយនឹងព្រហ្មទេ ខ្ញុំគ្រាន់តែឮ