អាចឃើញព្រហ្ម ដោយផ្ទាល់ខ្លួន មហាគោវិន្ទព្រាហ្មណ៍ អាចសាកសួរ និយាយឆ្លើយឆ្លង ប្រឹក្សាជាមួយនឹងព្រហ្ម ដោយផ្ទាល់ខ្លួនបាន នែនាងដ៏ចំរើន តែខ្លួនអញ មិនបានឃើញព្រហ្មសោះ មិនបានសាកសួរ ជាមួយនឹងព្រហ្ម មិនបាននិយាយឆ្លើយឆ្លង ជាមួយនឹងព្រហ្ម មិនបានប្រឹក្សាជាមួយនឹងព្រហ្មទេ ខ្លួនអញ គ្រាន់តែឮសេចក្តីដំណាលនេះ របស់ពួកព្រាហ្មណ៍ព្រឹទ្ធាចារ្យ មានអាយុច្រើន ជាអាចារ្យប្រធានលើអាចារ្យ និយាយថា បុគ្គលណា សម្ងំនៅក្នុងរដូវភ្លៀង អស់៤ខែ ពិចារណានូវករុណាឈាន បុគ្គលនោះ នឹងឃើញនូវព្រហ្ម នឹងសាកសួរ និយាយឆ្លើយឆ្លង ប្រឹក្សាជាមួយនឹងព្រហ្មបាន នែនាងដ៏ចំរើន ឥឡូវអញប្រាថ្នា ដើម្បីសម្ងំនៅក្នុងរដូវភ្លៀង អស់៤ខែ ពិចារណានូវករុណាឈាន មិនត្រូវឲ្យអ្នកណាមួយ ចូលទៅរកអញឡើយ វៀរលែងតែបុគ្គលម្នាក់ ជាអ្នកនាំអាហារទៅឲ្យ។ ប្រពន្ធទាំង៤០នាក់ ទទួលតបថា គោវិន្ទព្រាហ្មណ៍ដ៏ចំរើន សំគាល់នូវកាលគួរ ក្នុងកាលឥឡូវនេះចុះ។ ម្នាលអ្នកដ៏ចំរើន គ្រានោះឯង មហាគោវិន្ទព្រាហ្មណ៍ ឲ្យសាងអាស្រមថ្មី នាទិសខាងកើតព្រះនគរ ហើយសម្ងំនៅក្នុងរដូវភ្លៀងអស់៤ខែ ពិចារណានូវករុណាឈាន។ មិនមានអ្នកណាចូលទៅរកគាត់ឡើយ វៀរលែងតែ