ដែលបួសជាបុគ្គលគ្មានប្រយោជន៍ដោយផ្ទះហើយដែរ។ ម្នាលអ្នកដ៏ចំរើន សេចក្តីដំណាលថា មហាគោវិន្ទព្រាហ្មណ៍ មានបរិសទ្យនោះហែរហម ចោមរោមត្រាច់ទៅកាន់ចារិក ក្នុងស្រុក និគម និងរាជធានីទាំងឡាយ។ ម្នាលអ្នកដ៏ចំរើន សម័យនោះ មហាគោវិន្ទព្រាហ្មណ៍ ចូលទៅកាន់ស្រុកណា ឬនិគមណា ដូចជាស្តេចរបស់ស្តេចទាំងឡាយ ដូចជាព្រហ្មរបស់ព្រាហ្មណ៍ទាំងឡាយ ដូចជាទេវតារបស់គហបតីទាំងឡាយ ក្នុងស្រុកនោះ ឬនិគមនោះ។ ម្នាលអ្នកដ៏ចំរើន ក៏សម័យនោះ ពួកមនុស្សណាកណ្តាស់ ឬរអិលភ្លាត់ ពួកមនុស្សនោះ ក៏លាន់មាត់យ៉ាងនេះថា សូមនមស្ការ ចំពោះមហាគោវិន្ទព្រាហ្មណ៍ សូមនមស្ការចំពោះបុរោហិតទាំង៧។ មហាគោវិន្ទព្រាហ្មណ៍ មានចិត្តប្រកបដោយមេត្តា មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់ទិសទី១ ទិសទី២ ក៏ដូចគ្នា ទិសទី៣ក៏ដូចគ្នា ទិសទី៤ ក៏ដូចគ្នា មានចិត្តប្រកបដោយមេត្តា ដ៏ធំទូលាយ ដល់នូវភាវៈជាធំ មិនមានប្រមាណ មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់លោក ដែលមានសត្វទាំងអស់ ដោយយកខ្លួនឯង ទៅប្រៀបនឹងសត្វទាំងអស់ គ្រប់ទិស គឺទិសខាងលើ ទិសខាងក្រោម និងទិសទទឹង គឺទិសតូចៗ ក៏ដូច្នោះដែរ មានចិត្តប្រកបដោយករុណា។បេ។