បំពេញវត្តដ៏ថោកទាប ជាងគេទាំងអស់ ពួកជនទាំងនោះ ទៅកើតក្នុងពួកគន្ធព្វ។ ឯបព្វជ្ជារបស់កុលបុត្រទាំងអស់នោះ មិនសោះសូន្យ មិនប្រកបដោយទោសទេ ប្រកបតែដោយផល ប្រកបតែដោយសេចក្តីចំរើន (អាចកើតក្នុងព្រហ្មលោកបាន) ដោយប្រការដូច្នេះឯង។ បញ្ចសិខគន្ធព្វបុត្រ ក្រាបទូលថា ព្រះមានព្រះភាគ ទ្រង់រលឹកឃើញដំណើរនោះដែរឬ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលបញ្ចសិខៈ តថាគត នឹកឃើញដែរថា សម័យនោះ តថាគតបានកើតជាមហាគោវិន្ទព្រាហ្មណ៍ តថាគតសំដែងប្រាប់ផ្លូវ ដើម្បីឲ្យកើតជាព្រហ្ម នាព្រហ្មលោកនោះ ដល់ពួកសាវ័កទាំងឡាយ ម្នាលបញ្ចសិខៈ ឯព្រហ្មចរិយធម៌នោះឯង មិនមែនប្រព្រឹត្តទៅ ដើម្បីនឿយណាយ ដើម្បីប្រាសចាករាគៈ ដើម្បីរំលត់ (កិលេស) ដើម្បីស្ងប់រម្ងាប់ ដើម្បីដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីព្រះនិព្វាន បានទេ (គ្រាន់តែឲ្យបានទៅ) កើតក្នុងព្រហ្មលោកប៉ុណ្ណោះ ម្នាលបញ្ចសិខៈ ព្រហ្មចរិយធម៌របស់តថាគតនេះឯង ទើបប្រព្រឹត្តទៅ ដើម្បីនឿយណាយ ដើម្បីប្រាសចាករាគៈ ដើម្បីរំលត់ (កិលេស) ដើម្បីស្ងប់រម្ងាប់ ដើម្បីដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីព្រះនិព្វានតែមួយយ៉ាង។ ម្នាលបញ្ចសិខៈ ព្រហ្មចរិយធម៌នោះ តើដូចម្តេច ទើបប្រព្រឹត្តទៅ ដើម្បីនឿយណាយ ដើម្បីប្រាសចាករាគៈ ដើម្បីរំលត់