លំដាប់នោះ ទេវតាទាំងនោះឯង ក៏បាត់អំពីសុទ្ធាវាសព្រហ្មលោក មកប្រាកដក្នុងទីចំពោះព្រះភក្ត្រ(១) នៃព្រះមានព្រះភាគ (ដោយឆាប់រហ័ស) គួរនាដូចជាបុរសមានកំឡាំងលាដៃ ដែលបត់ចូល ឬបត់ចូលនូវដៃ ដែលលាចេញ។ គ្រានោះ ពួកទេវតានោះ ក៏ថ្វាយបង្គំព្រះមានព្រះភាគ ហើយឋិតនៅក្នុងទីដ៏សមគួរ។ លុះទេវតាទាំងនោះ ឋិតនៅក្នុងទីដ៏សមគួរហើយ ទើបទេវតា១អង្គ ពោលនូវគាថានេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា
(១) ក្នុងបាលីថា ពួកព្រហ្មចុះមកប្រតិស្ឋាន ចំពោះព្រះមានព្រះភាគ។ តែក្នុងអដ្ឋកថាថា ពួកព្រហ្មទាំងនោះ ឋិតនៅក្នុងព្រហ្មលោកដូចដែល គ្រាន់តែធ្វើឫទ្ធិហើយសូត្រនូវបទព្រះគាថា ដែលខ្លួនសន្សំហើយប៉ុណ្ណោះ គឺព្រហ្ម១អង្គ ចុះមកឋិតនៅក្នុងកណ្តាប់ចក្កវាឡ ខាងកើត ព្រហ្ម១អង្គ.. ចក្កវាឡខាងត្បូង ព្រហ្ម១អង្គ ... ចក្កវាឡខាងលិច ព្រហ្ម១អង្គ .. ចក្កវាឡខាងជើង។ ទើបព្រហ្មក្នុងចក្កវាឡខាងកើត ក៏ចូលនីលកសិណ បញ្ចេញនូវរស្មីខៀវ បីដូចជាស្បែករំលេចដោយកែវមណី ហើយបង្ហាញខ្លួនដល់ទេវតាក្នុង១ហ្មឺនចក្កវាឡឲ្យដឹងថា ខ្លួនមកហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ ឋិតនៅក្នុងទីដ៏សមគួរ ពោលនូវគាថា ដែលខ្លួនតាក់តែង។ ព្រហ្មក្នុងចក្កវាឡខាងត្បូង ក៏ចូលបីតកសិណ បញ្ចេញរស្មីមានពន្លឺដូចជាមាស ដូចជាដណ្តប់ផែនមាស បង្ហាញខ្លួនដល់ពួកទេវតា ក្នុង១ហ្មឺនចក្កវាឡ ឲ្យដឹងថា ខ្លួនមក ហើយឋិតនៅដូច្នោះដែរ។ ព្រហ្មក្នុងចក្កវាឡខាងលិច ក៏ចូលលោហិតកសិណ បញ្ចេញរស្មី ក្រហម បីដូចជាស្រោបកាយដោយសំពត់កម្ពល មានសម្បុរក្រហមឆ្អៅ បង្ហាញខ្លួនដល់ពួកទេវតាក្នុង១ហ្មឺនចក្កវាឡ ឲ្យដឹងថា ខ្លួនមក ហើយឋិតនៅដូច្នោះដែរ។ ព្រហ្មក្នុងចក្កវាឡខាងជើង ក៏ចូលឱទាតកសិណ បញ្ចេញរស្មីស បីដូចជាដណ្តប់ផែនផ្កាម្លិះ បង្ហាញខ្លួនដល់ពួកទេវតា ក្នុង១ហ្មឺនចក្កវាឡ ឲ្យដឹងថា ខ្លួនមក ហើយឋិតនៅដូច្នោះដែរ។ យល់ថាព្រហ្មទាំងនោះ មកផ្សេងគ្នា តែក្នុងពេលជាមួយគ្នា។