ចំណែកខាងព្រាហ្មណ៍ និងគហបតីទាំងឡាយ ក៏ជាទីស្រឡាញ់ ពេញព្រះហឫទ័យនៃព្រះបាទមហាសុទស្សនៈ យ៉ាងនោះដែរ។ ម្នាលអានន្ទ ព្រះបាទមហាសុទស្សនៈ កាលមុនដម្បូង ទ្រង់ស្តេចទៅកាន់ឱទ្យាន ដោយចតុរង្គសេនា។ ម្នាលអានន្ទ លំដាប់នោះ ព្រាហ្មណ៍ និងគហបតីទាំងឡាយ ចូលទៅគាល់ព្រះបាទមហាសុទស្សនៈ ក្រាបបង្គំទូលយ៉ាងនេះថា បពិត្រព្រះសម្មតិទេព សូមព្រះអង្គកុំស្តេចទៅ ដោយរហ័សរួសរាន់ ដូចខ្ញុំព្រះអង្គទាំងឡាយ ធ្លាប់ឃើញព្រះអង្គមកអស់កាលយូរនោះឡើយ។ ម្នាលអានន្ទ ឯព្រះបាទមហាសុទស្សនៈ ទ្រង់ត្រាស់នឹងសារថីថា ម្នាលសារថី អ្នកកុំបររថទៅ ដោយរហ័សរួសរាន់ ដូចយើងធ្លាប់ឃើញព្រាហ្មណ៍ និងគហបតីទាំងឡាយ មកអស់កាលយូរយារនោះឡើយ។ ម្នាលអានន្ទ ព្រះបាទមហាសុទស្សនៈ ទ្រង់ប្រកបដោយឫទ្ធិនេះ ជាឫទ្ធិទី៤។ ម្នាលអានន្ទ ព្រះបាទមហាសុទស្សនៈ ទ្រង់ប្រកបដោយឫទ្ធិទាំង៤នេះឯង។
[១៣] ម្នាលអានន្ទ លំដាប់នោះ ព្រះបាទមហាសុទស្សនៈ ទ្រង់មានបរិវិតក្កៈយ៉ាងនេះថា បើដូច្នោះ គួរតែអាត្មាអញកសាងស្រះបោក្ខរណីទាំងឡាយ សុទ្ធតែ១រយជួរធ្នូៗ ក្បែរចន្លោះដើមត្នោតទាំងឡាយនេះ។
[១៣] ម្នាលអានន្ទ លំដាប់នោះ ព្រះបាទមហាសុទស្សនៈ ទ្រង់មានបរិវិតក្កៈយ៉ាងនេះថា បើដូច្នោះ គួរតែអាត្មាអញកសាងស្រះបោក្ខរណីទាំងឡាយ សុទ្ធតែ១រយជួរធ្នូៗ ក្បែរចន្លោះដើមត្នោតទាំងឡាយនេះ។