មិនមានតណ្ហា ជាគ្រឿងញាប់ញ័រ ជាអ្នកបរិសុទ្ធស្អាត ប្រាសចាកមន្ទិល ជានាគកំឡោះ ដែលព្រះពុទ្ធជាម្ចាស់ ប្រកបដោយចក្ខុ៥ ទ្រង់ទូន្មានល្អហើយ តែងត្រាច់ទៅបានក្នុងទិសទាំង៤ មិនមានទើសទាល់។
[៧៧] លំដាប់នោះ ទេវតា១អង្គទៀត ក៏ពោលនូវគាថានេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា
ពួកជនណាមួយ បានដល់នូវព្រះពុទ្ធជាទីពឹង ទីរលឹកហើយ ពួកជននោះឯង នឹងមិនទៅកាន់អបាយភូមិឡើយ លុះលះបង់រាងកាយជារបស់មនុស្សទៅហើយ នឹងទៅបំពេញពពួកនៃទេវតាមិនខាន។
[៧៨] លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ពួកទេវតាជាច្រើនអង្គ ក្នុងលោកធាតុទាំង១០ មកប្រជុំគ្នា ដើម្បីឃើញនូវតថាគត និងភិក្ខុសង្ឃ ម្នាលភិក្ខុទាំងឡាយ ព្រះមានព្រះភាគទាំងឡាយណា ជាអរហន្ត សម្មាសម្ពុទ្ធ ដែលបានត្រាស់ដឹងហើយក្នុងអតីតកាល ពួកទេវតាមានប្រមាណប៉ុណ្ណោះដូចគ្នា មកប្រជុំគ្នា ដើម្បីឃើញនូវព្រះមានព្រះភាគទាំងនោះ ដូចជាពួកទេវតា ដែលមកប្រជុំគ្នា ដើម្បីឃើញតថាគត ក្នុងកាលឥឡូវនេះដែរ