ពួកភិក្ខុច្រើនរូប សម្ងំនៅក្នុងកម្មដ្ឋាន គ្របសង្កត់នូវការព្រឺរោម ព្រឺស្បែក (ឥតមានភ័យខ្លាច) ដូចសត្វសីហៈ មានចិត្តផូរផង់ បរិសុទ្ធជ្រះថ្លា ឥតមានល្អក់ឡើយ។ លំដាប់នោះ ព្រះសាស្តាទ្រង់ជ្រាបនូវពួកព្រះអរហន្តជាង៥០០រូប(១) នៅក្នុងដងព្រៃ ជិតក្រុងកបិលវត្ថុ ទើបទ្រង់ត្រាស់នឹងពួកភិក្ខុជាសាវ័ក ដែលត្រេកអរក្នុងសាសនាថា ម្នាលភិក្ខុទាំងឡាយ ពួកនៃទេវតាមានពន្លឺរស្មីដ៏រុងរឿង (មកហើយ) អ្នករាល់គ្នា ចូរស្គាល់នូវពួកទេវតាទាំងនោះ (ដោយទិព្វចក្ខុញ្ញាណ) ចុះឯពួកភិក្ខុទាំងនោះ បានស្តាប់នូវពាក្យ ប្រដៅនៃព្រះពុទ្ធជាម្ចាស់ ហើយក៏ធ្វើនូវការព្យាយាម (ដើម្បីទិព្វចក្ខុញ្ញាណនោះ)។ ទិព្វចក្ខុញ្ញាណ សម្រាប់មើលឃើញនូវពួកអមនុស្ស (ទេវតា) ក៏កើតមានប្រាកដ ដល់ពួកភិក្ខុទាំងនោះ ពួកភិក្ខុខ្លះ បានឃើញនូវអមនុស្ស១០០ខ្លះ បានឃើញនូវអមនុស្ស១០០០ខ្លះ បានឃើញនូវអមនុស្ស៧០ពាន់។
(១) អដ្ឋកថា ថា ជាង៥០០រូប ព្រោះរាប់ព្រះសម្មាសម្ពុទ្ធបញ្ចូលផង។