[១៣១] ម្នាលភិក្ខុទាំងឡាយ ពាក្យខាងមុខនៅមានទៀត ភិក្ខុពិចារណាឃើញនូវធម៌ ក្នុងធម៌ទាំងឡាយ គឺពោជ្ឈង្គ៧ប្រការ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញនូវធម៌ ក្នុងធម៌ទាំងឡាយ គឺពោជ្ឈង្គ៧ប្រការ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ តើដោយវិធីដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ទោះសតិសម្ពោជ្ឈង្គមាននៅក្នុងសន្តានចិត្តនៃខ្លួន ក៏ដឹងច្បាស់ថា សតិសម្ពោជ្ឈង្គ មាននៅក្នុងសន្តានចិត្តរបស់អាត្មាអញ ទោះសតិសម្ពោជ្ឈង្គ មិនមាននៅក្នុងសន្តានចិត្តរបស់ខ្លួន ក៏ដឹងច្បាស់ថា សតិសម្ពោជ្ឈង្គ មិនមាននៅក្នុងសន្តានចិត្តរបស់អាត្មាអញ ទោះសតិសម្ពោជ្ឈង្គ ដែលមិនទាន់កើតឡើង ហើយកើតឡើង ដោយហេតុណា ក៏ដឹងច្បាស់ នូវហេតុនោះ(១)ផង កិរិយាចម្រើនពេញ បរិបូណ៌ នៃសតិសម្ពោជ្ឈង្គ ដែលកើតឡើងហើយ ដោយហេតុណា ក៏ដឹងច្បាស់ នូវហេតុនោះ(២)ផង។
(១) អដ្ឋកថាថា ការធ្វើយោនិសោមនសិការៈឲ្យច្រើនក្នុងសម្ពោជ្ឈង្គនោះ ជាហេតុនាំឲ្យសតិសម្ពោជ្ឈង្គ ដែលមិនទាន់កើតឡើង ឲ្យកើតឡើងបាន ឬដែលកើតឡើងហើយ រឹងរឹតតែប្រព្រឹត្តទៅឲ្យធំទូលាយ ចម្រើនឡើង ពេញបរិបូណ៌ជាភិយ្យោភាព។ មួយទៀត ធម៌ដែលជាហេតុនាំឲ្យកើតសតិសម្ពោជ្ឈង្គនោះ មាន៤យ៉ាងគឺ ត្រូវឲ្យមានសតិ និងសម្បជញ្ញៈក្នុងទីទាំង៧ មានដើរទៅមុខជាដើម១ វៀរចាកបុគ្គលភ្លេចស្មារតី១ រាប់រកបុគ្គល ដែលមានស្មារតីខ្ជាប់ខ្ជួន១ បង្អោនចិត្តទៅ ដើម្បីតម្កល់សតិគ្រប់ឥរិយាបថ១។ (២) អដ្ឋកថាថា ការធ្វើយោនិសោមនសិការៈឲ្យច្រើនក្នុងសម្ពោជ្ឈង្គនោះ ជាហេតុនាំឲ្យសតិសម្ពោជ្ឈង្គ ដែលមិនទាន់កើតឡើង ឲ្យកើតឡើងបាន ឬដែលកើតឡើងហើយ រឹងរឹតតែប្រព្រឹត្តទៅធំទូលាយ ចម្រើនឡើង ពេញបរិបូណ៌ជាភិយ្យោភាព។ មួយទៀត ធម៌ដែលជាហេតុនាំឲ្យកើតសតិសម្ពោជ្ឈង្គនោះ មាន៤យ៉ាងគឺ ត្រូវឲ្យមានសតិ និងសម្បជញ្ញៈក្នុងទីទាំង៧ មានដើរទៅមុខជាដើម១ វៀរចាកបុគ្គលភ្លេចស្មារតី១ រាប់រកបុគ្គល ដែលមានស្មារតីខ្ជាប់ខ្ជួន១ បង្អោនចិត្តទៅ ដើម្បីតម្កល់សតិគ្រប់ឥរិយាបថ១។