ជាកែវមរកត។ ត្នោតកែវមរកត ដើមជាកែវមរកត តែស្លឹកនិងផ្លែជាកែវទទឹម។ ត្នោតកែវគ្រប់យ៉ាង ដើមជាកែវគ្រប់យ៉ាង ឯស្លឹកនិងផ្លែជាកែវគ្រប់យ៉ាង។ ម្នាលអានន្ទ ជួរត្នោតទាំងនោះឯង កាលបើមានខ្យល់បក់មកត្រូវ មានសំឡេងពីរោះ គួរត្រេកអរ គួរផ្អៀងត្រចៀកស្តាប់ គួរជក់ចិត្ត។ ម្នាលអានន្ទ តន្រ្តីប្រកបដោយអង្គ៥ ដែលមនុស្សឈ្លាសវៃបានផ្សំ ហើយវាយឲ្យល្មមពីរោះល្អ ទើបដេញដំប្រគំ មានសំឡេងពីរោះ គួរត្រេកអរ គួរផ្អៀងត្រចៀកស្តាប់ គួរជក់ចិត្ត មានឧបមាដូចម្តេចមិញ ម្នាលអានន្ទ ជួរត្នោតទាំងនោះឯង កាលបើមានខ្យល់បក់មកត្រូវ ក៏មានសំឡេងពីរោះ គួរត្រេកអរ គួរផ្អៀងត្រចៀកស្តាប់ គួរជក់ចិត្ត យ៉ាងនោះដែរ។ ម្នាលអានន្ទ ក្នុងសម័យនោះឯង កុសាវតីរាជធានី មានអ្នកលេងបាស្កា និងអ្នកលេងស៊ីផឹក ឯពួកអ្នកលេងទាំងនោះ នាំគ្នារាំរែកតាមសំឡេងនៃជួរដើមត្នោត ដែលមានខ្យល់បក់មកត្រូវទាំងនោះ។