ជារបស់ខ្ញុំ អ្នក មិនត្រូវបានចំណែកតិចតួច ក្នុងសម្បត្តិនេះទេ នែអ្នកម្តាយដ៏ចំរើន ចូរអ្នកប្រគល់ទ្រព្យមត៌ក ជារបស់បិតាឲ្យមកខ្ញុំ។ នាងព្រាហ្មណីនោះ និយាយនឹងមាណពនោះ ជាគំរប់ពីរដងទៀត យ៉ាងនេះថា នែបា ចូរអ្នកបង្អង់សិន ទំរាំអញសម្រាលកូនរួច បើកូននោះ ជាកូនប្រុស កូនប្រុសនោះ នឹងត្រូវបានទ្រព្យបន្តិចបន្តួចដែរ បើកូននោះ ជាកូនស្រី កូនស្រីនោះ នឹងបានជាភរិយារបស់អ្នក។ មាណពនោះ និយាយនឹងម្តាយចុង ជាគំរប់បីដង យ៉ាងនេះថា នែអ្នកម្តាយដ៏ចំរើន របស់ណា គឺទ្រព្យក្តី ស្រូវក្តី ប្រាក់ក្តី មាសក្តី របស់ទាំងអស់នោះ ជារបស់ខ្ញុំ អ្នកមិនត្រូវបានចំណែកតិចតួច ក្នុងសម្បត្តិនេះទេ នែអ្នកម្តាយ ចូរអ្នកប្រគល់ទ្រព្យមត៌ក ជារបស់បិតាឲ្យមកខ្ញុំ។ លំដាប់នោះ នាងព្រាហ្មណីនោះ កាន់កាំបិត ចូលទៅក្នុងបន្ទប់ ហើយវះពោះខ្លួនឯង គិតថា បើជាប្រុស ឬស្រី អាត្មាអញគង់ដឹងច្បាស់បាន នាងព្រាហ្មណីនោះ ហេតុតែល្ងង់ មិនឈ្លាសវៃ ស្វែងរកទ្រព្យមត៌ក ដោយមិនត្រូវទំនង ក៏ដល់នូវសេចក្តីវិនាស ទាំងខ្លួនផង ជីវិតផង កូនក្នុងគភ៌ផង សម្បត្តិផង ដោយពិត បពិត្ររាជញ្ញៈ ព្រះអង្គជាបុគ្គលល្ងង់