គួរដើម្បីរួចស្រឡះចាកសង្ខារទាំងពួង ម្នាលអានន្ទ មួយទៀត កាលតថាគត ជាស្តេចចក្រពត្តិ ប្រកបដោយធម៌ សោយរាជ្យដោយធម៌ ជាឥស្សរៈលើផែនដី មានសមុទ្រទាំង៤ជាទីបំផុត ជាស្តេចឈ្នះសង្គ្រាម មានជនបទដ៏មាំមួន ប្រកបដោយរ័តន៍៧ប្រការ ដឹងច្បាស់នូវសរីរៈ ដែលគេកប់ទុកក្នុងប្រទេសនោះ ជាគំរប់៦ដង ការដាក់ចុះនូវសរីរៈ (របស់តថាគត) ជាគំរប់៧ដងនេះហើយ ម្នាលអានន្ទ ក្នុងលោក (នេះ) ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពួកសត្វ ព្រមទាំងសមណៈ និងព្រាហ្មណ៍ ទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស ក៏តថាគត មិនបានឃើញនូវប្រទេស ដែលជាទីដាក់ចុះនូវសរីរៈជាគំរប់៨ឡើយ។ លុះព្រះមានព្រះភាគ ទ្រង់ត្រាស់ភាសិតនេះចប់ហើយ កាលខាងក្រោយមក ព្រះសុគត ជាសាស្តា បានត្រាស់ពាក្យនេះទៀតថា
[២៤] ឱហ្ន៎ សង្ខារទាំងឡាយមិនទៀង មានសភាពកើតឡើងហើយ តែងវិនាសទៅវិញជាធម្មតា លុះកើតឡើងហើយ តែងរលត់ទៅវិញ ការរម្ងាប់នូវសង្ខារទាំងនោះបាន ទើបនាំមកនូវសេចក្តីសុខ។
ចប់ មហាសុទស្សនសូត្រ ទី៤។