ហើយធ្វើសំពត់ឧត្តរាសង្គៈ ឆៀងស្មាម្ខាង ទើបយកព្រះហស្តខាងឆ្វេង ចាប់ព្រះសុវណ្ណភិង្គារ (កុណ្ឌីមាស) យកព្រះហស្តខាងស្តាំ ប្រស់ព្រំចក្ករ័តន៍ ហើយត្រាស់ថា ចក្ករ័តន៍ដ៏ចំរើន ចូរអណ្តែតទៅ ចក្ករ័តន៍ដ៏ចំរើន ចូរមានជ័យជំនះ។ ម្នាលអានន្ទ លំដាប់នោះ ចក្ករ័តន៍នោះឯង ក៏អណ្តែតទៅខាងបុរត្ថិមទិស។ ព្រះបាទមហាសុទស្សនៈ ទ្រង់ស្តេចទៅតាមក្រោយ ជាមួយនឹងសេនាប្រកបដោយអង្គ៤។ ម្នាលអានន្ទ ចក្ករ័តន៍ទៅប្រតិស្ឋាន ក្នុងប្រទេសណា ព្រះបាទមហាសុទស្សនៈ ព្រមទាំងចតុរង្គសេនា ក៏ទ្រង់ប្រថាប់ក្នុងប្រទេសនោះ។ ម្នាលអានន្ទ ពួកស្តេចណា ដែលត្រូវជាសត្រូវ គង់នៅក្នុងបុរត្ថិមទិស ពួកស្តេចនោះ ក៏ស្តេចចូលទៅគាល់ព្រះបាទមហាសុទស្សនៈ ក្រាបបង្គំទូលយ៉ាងនេះថា បពិត្រមហារាជ សូមព្រះអង្គទ្រង់ស្តេចមកចុះ បពិត្រមហារាជ ទ្រង់ស្តេចមកល្អហើយ បពិត្រមហារាជ រាជសម្បត្តិរបស់ខ្ញុំព្រះអង្គ ជារបស់ព្រះអង្គហើយ បពិត្រមហារាជ សូមព្រះអង្គទ្រង់ប្រៀនប្រដៅ។ ព្រះបាទមហាសុទស្សនៈ ទ្រង់មានព្រះរាជឱង្ការយ៉ាងនេះថា អ្នកទាំងឡាយ មិនត្រូវសម្លាប់សត្វ មិនត្រូវលួចរបស់ដែលគេមិនបានឲ្យ មិនត្រូវប្រព្រឹត្តខុសក្នុងកាមទាំងឡាយ មិនត្រូវនិយាយពាក្យកុហក មិនត្រូវផឹកទឹកស្រវឹង