ដូច្នេះហើយ ក៏អង្គុយជ្រប់ នៅត្រង់កន្លែងនោះដដែល មិនអាចក្រោកចាកអាសនៈបានឡើយ។ ម្នាលភគ្គវៈ កាលបើជាលិយៈ និយាយយ៉ាងនេះហើយ តថាគត បាននិយាយនឹងបរិសទ្យនោះ យ៉ាងនេះថា នែអាវុសោទាំងឡាយ អចេលបាដិកបុត្រ បើមិនលះបង់វាចានោះ មិនលះបង់ចិត្តនោះ មិនលះបង់ទិដ្ឋិនោះចេញទេ មិនគួរនឹងមកកាន់ទីចំពោះមុខតថាគតបានឡើយ បើប្រសិនជាអចេលបាដិកបុត្រនោះ តាំងចិត្តយ៉ាងនេះថា អាត្មាអញ មិនលះបង់វាចានោះ មិនលះបង់ចិត្តនោះ មិនលះបង់ទិដ្ឋិនោះចេញ ហើយគប្បីទៅកាន់ទីចំពោះព្រះភក្ត្រ នៃព្រះសមណគោតម ដូច្នេះ ក្បាលរបស់អចេលបាដិកបុត្រនោះ មុខជានឹងធ្លាក់ចុះមិនខាន ទោះបីពួកលិច្ឆវីដ៏មានអាយុ គិតគ្នាយ៉ាងនេះថា យើងត្រូវចងនូវអចេលបាដិកបុត្រ ដោយខ្សែព្រ័ត្រណា ហើយបង្អូសមក ដោយគោច្រើននឹមដូច្នេះ ខ្សែព្រ័ត្រទាំងនោះនឹងដាច់ ឬខ្លួនអចេលបាដិកបុត្រឯង នឹងដាច់ ឯអចេលបាដិកបុត្រ បើមិនលះបង់វាចានោះ មិនគួរ។បេ។ នឹងមកកាន់ទីចំពោះមុខតថាគតបានឡើយ ទោះបីអចេលបាដិកបុត្រនោះ តាំងចិត្តយ៉ាងនេះថា អញមិនលះបង់វាចានោះ។បេ។ ហើយគប្បីទៅកាន់ទីចំពោះព្រះភក្ត្រព្រះសមណគោតម ដូច្នេះ ក្បាលអចេលបាដិកបុត្រនោះ មុខជានឹងធ្លាក់ចុះមិនខាន។