សុត្តន្តបិដក ទីឃនិកាយ
បញ្ចមភាគ
បាដិកវគ្គ
សូមនមស្ការ ចំពោះព្រះមានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គនោះ។
បាដិកសូត្រ ទី១
[១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងអនុប្បិយនិគម របស់ពួកមល្លជន ក្នុងមល្លជនបទ។ គ្រានោះឯង វេលាព្រឹកព្រហាម ព្រះមានព្រះភាគ ទ្រង់ស្បង់ និងបាត្រ ចីវរ ទ្រង់ពុទ្ធដំណើរចូលទៅបិណ្ឌបាត ក្នុងអនុប្បិយនិគម។ ពេលនោះឯង ព្រះមានព្រះភាគ មានព្រះតម្រិះយ៉ាងនេះថា ការចូលទៅបិណ្ឌបាត ក្នុងអនុប្បិយនិគម ក៏នៅព្រឹកពេកណាស់ បើដូច្នោះ គួរតែតថាគតចូលទៅរកបរិព្វាជក ជាភគ្គវគោត្រ ក្នុងអារាមនៃបរិព្វាជក ជាភគ្គវគោត្រសិន។ លំដាប់នោះឯង ព្រះមានព្រះភាគ ទ្រង់ពុទ្ធដំណើរចូលទៅរកបរិព្វាជក ជាភគ្គវគោត្រ ក្នុងអារាមនៃបរិព្វាជក ជាភគ្គវគោត្រ។