ម្នាលភិក្ខុទាំងឡាយ កាលបើពួកមនុស្សមានអាយុ៨ហ្មឺនឆ្នាំ ព្រះមានព្រះភាគ ទ្រង់ព្រះនាម មេត្តេយ្យៈ នឹងកើតឡើងក្នុងលោក ទ្រង់ឆ្ងាយចាកកិលេស ទ្រង់ត្រាស់ដឹងនូវញេយ្យធម៌ទាំងពួង ដោយប្រពៃ ចំពោះព្រះអង្គ ទ្រង់បរិបូណ៌ដោយវិជ្ជា និងចរណៈ ទ្រង់មានព្រះដំណើរល្អ ទ្រង់ជ្រាបច្បាស់នូវត្រៃលោក ទ្រង់ប្រសើរដោយសីលាទិគុណ ឥតមានបុគ្គលណាស្មើ ទ្រង់ទូន្មាន នូវបុរស ដែលគួរទូន្មាន ទ្រង់ជាសាស្តានៃទេវតា និងមនុស្សទាំងឡាយ ទ្រង់ជ្រាបច្បាស់ នូវចតុរារិយសច្ច ទ្រង់មានដំណើរទៅកាន់ត្រៃភព ខ្ជាក់ចោលហើយ ដូចជាតថាគត ដែលឆ្ងាយចាកកិលេស ត្រាស់ដឹងនូវញេយ្យធម៌ទាំងពួង ដោយប្រពៃ ចំពោះខ្លួនឯង បរិបូណ៌ដោយវិជ្ជា និងចរណៈ មានព្រះដំណើរល្អ ជ្រាបច្បាស់នូវត្រៃលោក ប្រសើរដោយសីលាទិគុណ ឥតមានបុគ្គលណាស្មើ ទូន្មាន នូវបុរស ដែលគួរទូន្មាន ជាសាស្តានៃទេវតា និងមនុស្សទាំងឡាយ ជ្រាបច្បាស់ នូវចតុរារិយសច្ច មានដំណើរទៅកាន់ត្រៃភព ខ្ជាក់ចោលហើយ ដែលកើតឡើងក្នុងលោក ក្នុងកាលឥឡូវនេះដែរ។ ព្រះមេត្តេយ្យៈមានព្រះភាគអង្គនោះ ទ្រង់បានត្រាស់ដឹង បានធ្វើឲ្យជាក់ច្បាស់ នូវព្រះនិព្វាន ចំពោះព្រះអង្គ ហើយញុំាងលោកនេះ ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ញុំាងពពួកសត្វ ព្រមទាំងសមណៈ និងព្រាហ្មណ៍ ទាំងមនុស្ស ជាសម្មតិទេព និងមនុស្ស