អចេលបាដិកបុត្រនោះ តាំងចិត្តយ៉ាងនេះថា អាត្មាអញមិនលះបង់វាចានោះ មិនលះបង់ចិត្តនោះ មិនលះបង់ទិដ្ឋិនោះចេញទេ ហើយគប្បីទៅកាន់ទីចំពោះមុខនៃព្រះសមណគោតមដូច្នេះ ក្បាលរបស់អចេលបាដិកបុត្រនោះ មុខជានឹងធ្លាក់ចុះ(១) ។ សុនក្ខត្តលិច្ឆវិបុត្រ ក៏និយាយទៀតថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគរក្សានូវវាចានុ៎ះ សូមព្រះសុគតរក្សានូវវាចានុ៎ះ។ តថាគត និយាយថា ម្នាលសុនក្ខត្តៈ ព្រោះហេតុអ្វី បានជាអ្នកនិយាយនឹងតថាគតយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគរក្សានូវវាចានុ៎ះ សូមព្រះសុគតរក្សានូវវាចានុ៎ះ។ សុនក្ខត្តលិច្ឆវិបុត្រ ទូលតបថា បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគបានពោលនូវវាចានុ៎ះ ដោយដាច់ខាតដូច្នេះថា អចេលបាដិកបុត្រ បើមិនលះបង់វាចានោះ មិនលះបង់ចិត្តនោះ មិនលះបង់ទិដ្ឋិនោះចេញទេ មិនគួរនឹងមកកាន់ទីចំពោះមុខតថាគតបានឡើយ បើប្រសិនជាអចេលបាដិកបុត្រនោះ តាំងចិត្តយ៉ាងនេះថា អាត្មាអញមិនលះបង់វាចានោះ មិនលះបង់ចិត្តនោះ មិនលះបង់ទិដ្ឋិនោះចេញទេ ហើយគប្បីទៅកាន់ទីចំពោះមុខនៃព្រះសមណគោតមដូច្នេះ ក្បាលរបស់អចេលបាដិកបុត្រនោះ មុខជានឹងធ្លាក់ចុះ។ បពិត្រព្រះអង្គដ៏ចំរើន ប្រសិនបើអចេលបាដិកបុត្រនឹងមក
(១) អដ្ឋកថា ថា ក្បាលគប្បីធ្លាក់ចុះអំពីក ដូចជាផ្លែត្នោតទុំ ជ្រុះអំពីទង ឬគប្បីចែកចេញជា៧ភាគ។