ច្រើនពាន់នាក់។ ម្នាលភគ្គវៈ អចេលបាដិកបុត្រ បានឮដំណឹងថា ពួកស្តេចលិច្ឆវី សុទ្ធតែមានកេរ្តិ៍ឈ្មោះប្រាកដជាងគេ បានមកហើយ ពួកព្រាហ្មណមហាសាល និងគហបតី អ្នកសន្សំទ្រព្យ និងសមណព្រាហ្មណ៍ មានលទ្ធិផ្សេងៗ សុទ្ធតែមានកេរ្តិ៍ឈ្មោះប្រាកដជាងគេ ក៏បានមកដែរ ព្រះសមណគោតម ក៏គង់សម្រាកព្រះអង្គនៅវេលាថ្ងៃ ក្នុងអារាមរបស់អាត្មាអញ។ អចេលបាដិកបុត្រនោះ លុះឮដំណឹងហើយ ក៏កើតភ័យរន្ធត់ ព្រឺព្រួចអស់ទាំងរោម។ ម្នាលភគ្គវៈ លំដាប់នោះឯង លុះអចេលបាដិកបុត្រ កើតមានភ័យ តក់ស្លុត ព្រឺព្រួចរោមហើយ ក៏ចូលទៅឯ តិណ្ឌុកខានុបរិព្វាជការាម(១) ។ ម្នាលភគ្គវៈ បរិសទ្យនោះ បានឮដំណឹងថា អចេលបាដិកបុត្រ កើតមានភ័យ តក់ស្លុត ព្រឺព្រួចរោមហើយ ក៏ចូលទៅឯតិណ្ឌុកខានុបរិព្វាជការាម។ ម្នាលភគ្គវៈ វេលានោះឯង បរិសទ្យនោះ ហៅបុរសម្នាក់មកថា នែបុរសដ៏ចំរើន អ្នកចូរមកនេះ អ្នកចូរទៅរកអចេលបាដិកបុត្រ ក្នុងតិណ្ឌុកខានុបរិព្វាជការាម លុះចូលទៅដល់ហើយ
(១) អារាមរបស់បរិព្វាជក ដែលគេកំណត់ដោយដង្គត់ដើមដង្កោរ ឬទន្លាប់។