មនុស្សទាំងឡាយ ដាក់អង្ករនោះក្នុងឆ្នាំង ចំអិនដោយភ្លើងឥតផ្សែង(១) មិនមានរងើក ទើបនាំគ្នាបរិភោគភោជនអំពីឆ្នាំងនោះ។ មនុស្សទាំងនោះ ទឹមនូវមេគោមានក្រចកតែមួយ (ដូចក្រចកសេះ) បរទៅសព្វទិស ទឹមបសុសត្វ (សត្វជើងបួនក្រៅពីមេគោ) មានក្រចកតែមួយ បរទៅសព្វទិស។ យកស្រីធ្វើជាវាហនៈ ត្រាច់ទៅសព្វទិស យកបុរស(២) ធ្វើជាវាហនៈ ត្រាច់ទៅសព្វទិស។ យកកុមារី ធ្វើជាវាហនៈ ត្រាច់ទៅសព្វទិស យកកុមារធ្វើជាវាហនៈ ហើយត្រាច់ទៅសព្វទិស។ មនុស្សទាំងអម្បាលនោះ នាំគ្នាឡើងយាន ត្រាច់ទៅក្នុងទិសទាំងពួង
(១) សេចក្តីដំណាលថា មនុស្សក្នុងស្រុកនោះ តែងយកថ្មកែវ៣ដុំ ឈ្មោះជោតិបាសាណ ធ្វើជាដុំចង្ក្រាន ហើយយកឆ្នាំងដំកល់លើដុំចង្ក្រាននោះ ស្រាប់តែមានចំហាយភ្លើងក្តៅឡើងអំពីថ្មនោះ ធ្វើឲ្យឆ្អិនតែម្តង។ (២) ទឹមបុរសក្នុងយាន តែគេមិនអាចយកមនុស្សជាសម្មាទិដ្ឋិមកទឹមទេ គេច្រើនចាប់តែមនុស្សមិលក្ខជាតិ អ្នកនៅក្នុងបច្ចន្តប្រទេស មកទឹមក្នុងយានហើយបរទៅ។ (អដ្ឋកថា)។