តែខ្ញុំព្រះអង្គបានស្តាប់មកថា មានព្រះនាមដូចៗគ្នា ព្រះរាជបុត្តទាំង៩១ព្រះអង្គ មានព្រះនាមថាឥន្ទៈ ទ្រង់មានកំឡាំងច្រើន។ ឯព្រះរាជបុត្តទាំងនោះ លុះបានឃើញព្រះពុទ្ធជាអាទិច្ចវង្ស ទ្រង់ភ្ញាក់ហើយ ចាកការដេកលក់ គឺអវិជ្ជា ប្រសើរ (ដោយគុណ) ឥតមានសេចក្តីព្រឺស្ញើប ក៏នាំគ្នានមស្ការអំពីចម្ងាយ។ បពិត្រព្រះអង្គ ជាបុរសអាជានេយ្យ ខ្ញុំព្រះអង្គ សូមនមស្ការចំពោះព្រះអង្គ បពិត្រព្រះអង្គ ជាបុរសឧត្តម ខ្ញុំព្រះអង្គ សូមនមស្ការ ចំពោះព្រះអង្គ សូម្បីអមនុស្សទាំងឡាយ ក៏រមែងថ្វាយបង្គំព្រះអង្គថា ព្រះអង្គទតព្រះនេត្រមើលមហាជន ដោយសព្វញ្ញុត្តញ្ញាណដ៏ផូរផង់។ ពួកខ្ញុំព្រះអង្គ បានស្តាប់មកយ៉ាងនេះរឿយៗ ព្រោះហេតុនោះ ពួកខ្ញុំព្រះអង្គ តែងនិយាយយ៉ាងនេះថា អ្នកទាំងឡាយ នមស្ការចំពោះព្រះជិនស្រី ជាគោតមគោត្រឬ ព្រះរាជបុត្តទាំងនោះ តបថា យើងទាំងឡាយ នមស្ការចំពោះព្រះជិនស្រី ជាគោតមគោត្រ យើងទាំងឡាយ នមស្ការចំពោះព្រះពុទ្ធ ជាគោតមគោត្រ ទ្រង់បរិបូណ៌ដោយវិជ្ជា និងចរណៈ។