បញ្ចាលចន្ទៈ១ អាលវកៈ១ បជុណ្ណៈ១ សុមុខៈ១ ទធិមុខៈ១ មណិ១ មានិចរៈ១ ទីឃៈ១ សេរិសកៈ១។
[៨៧] ត្រូវពោលទោស កន្ទក់កន្ទេញ ត្រូវស្រែកប្តឹងដល់ពួកយក្ស ពួកមហាយក្ខ ពួកសេនាបតី ពួកមហាសេនាបតី ទាំងអម្បាលនេះថា យក្ខនេះចាប់គេ យក្ខនេះចូលគេ យក្ខនេះបៀតបៀនគេ យក្ខនេះបៀតបៀនផ្សេងៗ យក្ខនេះធ្វើទុក្ខគេ យក្ខនេះធ្វើឲ្យគេលំបាក យក្ខនេះមិនលែងគេ។
[៨៨] បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ ការរក្សាជាប់តមកអំពីអាដានាដានគរនេះឯង ប្រព្រឹត្តទៅដើម្បីគ្រប់គ្រងរក្សា ដើម្បីមិនបៀតបៀនគ្នា ដើម្បីនៅជាសុខដល់ពួកភិក្ខុ ភិក្ខុនី ឧបាសក និងឧបាសិកា។ បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ ណ្ហើយឥឡូវនេះ ពួកខ្ញុំព្រះអង្គមានរវល់ច្រើន មានកិច្ចគួរធ្វើច្រើន ខ្ញុំព្រះអង្គសូមក្រាបថ្វាយបង្គំលា។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា បពិត្រមហារាជទាំងឡាយ ចូរព្រះអង្គកំណត់កាលគួរ ក្នុងកាលឥឡូវនេះចុះ។