ស្វាងហើយ ក៏នាំគ្នាចូលមករកតថាគត លុះចូលមកដល់ហើយ ក៏ថ្វាយបង្គំតថាគត អង្គុយក្នុងទីដ៏សមគួរ។ ម្នាលភិក្ខុទាំងឡាយ យក្ខទាំងអម្បាលនោះឯង ពួកខ្លះថ្វាយបង្គំតថាគត ហើយអង្គុយក្នុងទីដ៏សមគួរ ពួកខ្លះ គ្រាន់តែពោលពាក្យរាក់ទាក់សំណេះសំណាល ជាមួយនឹងតថាគត លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ ពួកខ្លះ គ្រាន់តែប្រណម្យអញ្ជលី ចំពោះតថាគត អង្គុយក្នុងទីដ៏សមគួរ ពួកខ្លះ គ្រាន់តែប្រកាសនាម និងគោត្រ អង្គុយក្នុងទីដ៏សមគួរ ពួកខ្លះ គ្រាន់តែអង្គុយស្ងៀមៗ ក្នុងទីដ៏សមគួរ។ ម្នាលភិក្ខុទាំងឡាយ ស្តេចជាធំទ្រង់ព្រះនាមវេស្សវ័ណ លុះអង្គុយក្នុងទីដ៏សមគួរហើយ ក៏ពោលពាក្យនឹងតថាគតយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ពួកយក្ខជាន់ខ្ពស់ មិនជ្រះថ្លាចំពោះព្រះមានព្រះភាគ ក៏មាន បពិត្រព្រះអង្គដ៏ចំរើន ពួកយក្ខជាន់ខ្ពស់ ជ្រះថ្លាចំពោះព្រះមានព្រះភាគ ក៏មាន បពិត្រព្រះអង្គដ៏ចំរើន ពួកយក្ខជាន់កណ្តាលខ្លះ មិនជ្រះថ្លាចំពោះព្រះមានព្រះភាគ ក៏មាន បពិត្រព្រះអង្គដ៏ចំរើន ពួកយក្ខជាន់កណ្តាល ជ្រះថ្លាចំពោះព្រះមានព្រះភាគ ក៏មាន បពិត្រព្រះអង្គដ៏ចំរើន ពួកយក្ខជាន់ទាប មិនជ្រះថ្លាចំពោះព្រះមានព្រះភាគ ក៏មាន បពិត្រព្រះអង្គដ៏ចំរើន ពួកយក្ខជាន់ទាប ជ្រះថ្លាចំពោះព្រះមានព្រះភាគ ក៏មាន