បពិត្រព្រះអង្គដ៏ចំរើន ឯយក្ខដែលមិនជ្រះថ្លា ចំពោះព្រះមានព្រះភាគ មានច្រើនណាស់ ព្រោះហេតុអ្វី បពិត្រព្រះអង្គដ៏ចំរើន ព្រោះថាព្រះមានព្រះភាគ ទ្រង់សំដែងធម៌ ដើម្បីឲ្យវៀរចាកបាណាតិបាត ទ្រង់សំដែងធម៌ ដើម្បីឲ្យវៀរចាកអទិន្នាទាន ទ្រង់សំដែងធម៌ ដើម្បីឲ្យវៀរចាកកាមេសុមិច្ឆាចារ ទ្រង់សំដែងធម៌ដើម្បីឲ្យវៀរចាកមុសាវាទ ទ្រង់សំដែងធម៌ ដើម្បីឲ្យវៀរចាកទឹកស្រវឹង គឺសុរា និងមេរ័យ ដែលជាទីតាំងនៃសេចក្តីប្រមាទ។ បពិត្រព្រះអង្គដ៏ចំរើន ប៉ុន្តែយក្ខទាំងឡាយច្រើនណាស់ ដែលមិនវៀរចាកបាណាតិបាត មិនវៀរចាកអទិន្នាទាន មិនវៀរចាកកាមេសុមិច្ឆាចារ មិនវៀរចាកមុសាវាទ មិនវៀរចាកទឹកស្រវឹង គឺសុរា និងមេរ័យ ដែលជាទីតាំងនៃសេចក្តីប្រមាទសោះ (ព្រោះហេតុនោះ) អំពើវៀរនោះ មិនជាទីស្រឡាញ់ មិនជាទីពេញចិត្ត របស់យក្ខទាំងឡាយនោះ បពិត្រព្រះអង្គដ៏ចំរើន មានសាវ័ករបស់ព្រះមានព្រះភាគ អាស្រ័យនៅសេនាសនៈស្ងាត់ ដែលតាំងនៅក្នុងព្រៃ មានសូរសព្ទគឹកកងរំពងតិច ប្រាសចាកសំដីរបស់មនុស្សអ្នកដើរទៅមក សមគួរដល់ការកំបាំងអំពីពួកមនុស្ស គួរជាទីលាក់ខ្លួនពួនអាត្មាបាន ពួកយក្ខជាន់ខ្ពស់តែងនៅជានិច្ច ក្នុងព្រៃនោះក៏មាន បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ ទ្រង់បង្រៀន