[២០៦] វិញ្ញាណដ្ឋិតិ (ទីតាំងនៃវិញ្ញាណ) មាន៧យ៉ាង ម្នាលអាវុសោទាំងឡាយ មានពួកសត្វ មានកាយផ្សេងគ្នា មានសញ្ញាផ្សេងគ្នា ដូចពួកមនុស្ស ទេវតាពួកខ្លះ និងវិនិបាតិកៈពួកខ្លះ នេះជាវិញ្ញាណដ្ឋិតិទី១។ ម្នាលអាវុសោទាំងឡាយ មានពួកសត្វ មានកាយផ្សេងគ្នា មានសញ្ញាដូចគ្នា ដូចទេវតាក្នុងពួកព្រហ្ម ដែលកើតក្នុងជាន់បឋមជ្ឈានភូមិ នេះជាវិញ្ញាណដ្ឋិតិទី២។ ម្នាលអាវុសោទាំងឡាយ មានពួកសត្វ មានកាយដូចគ្នា មានសញ្ញាផ្សេងគ្នា ដូចពួកទេវតាជាន់អាភស្សរៈ នេះជាវិញ្ញាណដ្ឋិតិទី៣។ ម្នាលអាវុសោទាំងឡាយ មានពួកសត្វ មានកាយដូចគ្នា មានសញ្ញាដូចគ្នា ដូចពួកទេវតាជាន់សុភកិណ្ហៈ នេះជាវិញ្ញាណដ្ឋិតិទី៤។ ម្នាលអាវុសោទាំងឡាយ មានពួកសត្វ ចូលកាន់អាកាសានញ្ចាយតនជ្ឈាន ដោយគិតថា អាកាសមិនមានទីបំផុត ព្រោះកន្លងបង់ នូវពួករូបសញ្ញា ព្រោះវិនាសទៅ នៃពួកបដិឃសញ្ញា ព្រោះមិនធ្វើទុកក្នុងចិត្ត នូវពួកនានត្តសញ្ញា ដោយប្រការទាំងពួង នេះជាវិញ្ញាណដ្ឋិតិទី៥។