[២១៥] អារព្ភវត្ថុ (ហេតុរបស់បុគ្គលប្រុងប្រៀបព្យាយាម) មាន៨យ៉ាង ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ត្រូវធ្វើការងារ ភិក្ខុនោះ មានគំនិតយ៉ាងនេះថា អាត្មាអញ នឹងត្រូវធ្វើការងារ តែថាបើអាត្មាអញ ធ្វើការងារទៅ នឹងធ្វើទុកក្នុងចិត្តនូវសាសនា របស់ព្រះពុទ្ធទាំងឡាយ មិនបានស្រួលឡើយ ណ្ហើយចុះ អាត្មាអញប្រុងប្រៀបព្យាយាម ដើម្បីដល់នូវគុណវិសេស ដែលខ្លួនមិនទាន់ដល់ ដើម្បីបាននូវគុណវិសេស ដែលខ្លួនមិនទាន់បាន ដើម្បីធ្វើឲ្យជាក់ច្បាស់នូវគុណវិសេស ដែលខ្លួនមិនទាន់បានធ្វើឲ្យជាក់ច្បាស់។ ភិក្ខុនោះ ក៏ប្រុងប្រៀបព្យាយាម ដើម្បីដល់នូវគុណវិសេស ដែលមិនទាន់ដល់ ដើម្បីបាននូវគុណវិសេស ដែលមិនទាន់បាន ដើម្បីធ្វើឲ្យជាក់ច្បាស់នូវគុណវិសេស ដែលមិនទាន់បានធ្វើឲ្យជាក់ច្បាស់ នេះជា អារព្ភវត្ថុ ទី១។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុបានធ្វើការងាររួចហើយ ភិក្ខុនោះ មានគំនិតយ៉ាងនេះថា អាត្មាអញ បានធ្វើការងាររួចហើយ កាលដែលអាត្មាអញធ្វើការងារ ក៏មិនអាចធ្វើទុកក្នុងចិត្ត នូវសាសនា របស់ព្រះពុទ្ធទាំងឡាយបាន ណ្ហើយចុះ គួរអាត្មាអញ ប្រុងប្រៀបព្យាយាម។បេ។ ភិក្ខុនោះ ក៏ប្រុងប្រៀបព្យាយាម ...