ព្រះតថាគតនោះ មានចុងរោម ង ឡើងលើ មានសន្លាក់ ក ជើងប្រតិស្ឋានល្អ មានសាច់ និងឈាមប្រផូរ បិទបាំងដោយស្បែក មានជង្គង់ល្អ។ ព្រះតថាគត បានប្រកបដោយលក្ខណៈដូច្នោះ បើនៅគ្រប់គ្រងគេហដ្ឋាន នឹងបានជាអ្នកខ្ពង់ខ្ពស់ ជាងពួកជន អ្នកបរិភោគកាម មិនមានអ្នកដទៃក្រៃលែងជាងព្រះតថាគតនោះបានឡើយ ព្រះតថាគត តែងគ្របសង្កត់ នូវជម្ពូទ្វីប (ទាំងមូល)។ សូម្បីបព្វជ្ជា (របស់ព្រះតថាគត) ក៏មិនថយថោកឡើយ តែងដល់នូវភាពជាអ្នកខ្ពង់ខ្ពស់ ជាងពួកសត្វទាំងអស់ មិនមានសត្វឯទៀត លើសលុបជាងព្រះតថាគតនោះឡើយ ព្រះតថាគត ជាអ្នកគ្របសង្កត់ នូវសត្វលោកទាំងអស់។