ទិដ្ឋិ​ណា​ដ៏​ប្រសើរ​ ​គឺ​សម្មាទិដ្ឋិ​ ​ជា​គ្រឿង​នាំ​សត្វ​ចេញ​ចាក​ភព​ ​តែង​ស្រោចស្រង់​សត្វ​ដែល​ប្រព្រឹត្ត​តាម​ទិដ្ឋិ​នោះ​ ​ដើម្បីឲ្យ​អស់​ទៅ​នៃ​ទុក្ខ​ដោយ​ប្រពៃ​ ​ភិក្ខុ​ជា​អ្នកមាន​ទិដ្ឋិ​ដ៏​ស្មើ​ ​ដោយ​សព្រហ្មចារី​បុគ្គល​ទាំងឡាយ​ ​ក្នុង​ទិដ្ឋិ​មាន​សភាព​ដូច្នោះ​ ​ទាំង​ក្នុង​ទី​ចំពោះមុខ​ ​និង​ទី​កំបាំង​ ​នេះឯង​ជា​ធម៌​គួរ​រលឹក​រកគ្នា​ ​ជា​ធម៌​ធ្វើ​នូវ​សេចក្តី​ស្រឡាញ់​ ​ធ្វើ​សេចក្តី​គោរព​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សង្គ្រោះ​គ្នា​ ​ដើម្បី​មិន​ទាស់ទែងគ្នា​ ​ដើម្បី​សេចក្តី​ព្រមព្រៀង​ ​ដើម្បី​ឯ​កី​ភាព១​។​ ​ធម៌​ទាំង៦នេះ​ ​មាន​ឧបការៈ​ច្រើន​។​
 [​២៩៤​]​ ​ធម៌៦គួរ​ចំរើន​ ​តើ​ដូចម្តេច​ខ្លះ​។​ ​អនុស្សតិ​ដ្ឋានៈ​ ​(​ហេតុ​ជាទី​តាំង​នៃ​សេចក្តី​រលឹក​រឿយ​ៗ​)​៦យ៉ាង​ ​សេចក្តី​រលឹក​នូវ​ព្រះពុទ្ធ១​ ​រលឹក​នូវ​ព្រះធម៌១​ ​រលឹក​នូវ​ព្រះសង្ឃ១​ ​រលឹក​នូវ​គុណ​នៃ​សីល១​ ​រលឹក​នូវ​ទាន​ ​ដែល​បាន​បរិច្ចាគ​ហើយ១​ ​រលឹក​ដល់​ធម៌​ទេវតា​(​១​)​១​។​ ​ធម៌​ទាំង៦នេះ​ ​គួរ​ចំរើន​។​
​(​១​)​ ​គឺ​រលឹក​ចំពោះ​គុណធម៌​ទាំង៥​ ​ដែល​នាំ​បុគ្គល​ឲ្យ​សម្រេច​នូវ​ភាពជា​ទេវតា​។​ ​ឯ​ធម៌​ទាំង៥នោះ​គឺ​ ​សទ្ធា១​ ​សីល១​ ​សុតៈ១​ ​ចាគៈ១​ ​បញ្ញា១​ ​ព្រោះ​ទេព្តា​ដែល​ទៅ​កើត​ឋានសួគ៌​ ​ក៏ដោយ​អំណាច​ធម៌​ទាំង៥នេះឯង​។​ ​វិសុទ្ធិមគ្គ​ ​ត្រង់​ឆ​អនុស្សតិ​និទ្ទេស​។​
ថយ | ទំព័រទី ២៨២ | បន្ទាប់